បាត់ដំបង៖ នៅវេលាម៉ោង០៧ព្រឹក នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចបានធ្វើការស៊ីេបអង្កេតរហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ជាជនដៃដល់ដែលវាយដំទៅលើយុវតីម្នាក់ រហូតដល់រូបនាងសន្លប់ បន្ទាប់ពីប៉ុនប៉ងរំលោភសេពសន្ថវៈមិនបានសម្រេច និងអូសរូបនាងក្រមុំទម្លាក់ចូលទៅក្នុងទឹកស្ទឹងសង្កែ ដែលនាងកំពុងអង្គុយ ក្បែរផ្ទះ នៅចំណុចភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ មានឈ្មោះ ចាន់ កុសល អាយុ២៣ឆ្នាំជាអ្នករស់នៅជិតខាងគ្នាជាមួយនឹងយុវតីរងគ្រោះ។ រីឯយុវតីរងគ្រោះឈ្មោះ ឆាំ ស្រីរ័ត្ន អាយុ១៨ឆ្នាំ ជាកូនស្រីពៅក្នុងចំណោមបងប្អូនចំនួន៤នាក់(ប្រុសចំនួន៣នាក់) រស់នៅក្នុងបន្ទុកម្តាយជាស្ត្រីមេម៉ាយ ក្នុងភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងកំពុងសិក្សារៀនសូត្រនៅវិទ្យាល័យនេតយ៉ង់។
បុរសដែលជាជនសង្ស័យបានសារភាពថានៅចំពោះសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់នារីរងគ្រោះមែន ក្នុងគោលបំណងរំលោភសេពសន្ថវៈ ប៉ុន្តែត្រូវនាងតដៃដោយយកកន្ត្រៃចាក់មកលើខ្លួន ធ្វើអោយខ្លួនខឹងសម្បា វាយរូបនាងរហូតដល់សន្លប់ ស្តូកស្តឹង ក្នុងស្ថានភាពបែបនេះ ទើបខ្លួនបង្ខំចិត្តអូសនាងដល់កណ្តាលស្ទឹងក៏ទម្លាក់ចោលតែម្តងទៅ ។
បច្ចុប្បន្ន សមត្ថកិច្ចនាំជនសង្ស័យទៅសាកសួរបន្ថែម និងបន្តចាត់ការតាមផ្លូវច្បាប់។