ភ្នំពេញ៖ ពូជពង្សវង់ត្រកូលរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ប្រៀបធៀបជាមួយ អ៊ុង សានសូជី មិនបានទេ ព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ បើពុំមានការធ្វើនិតិសម្បទាណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថា ជាកូនអាក្បត់ជាតិ។ នេះជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅក្នុងទំព័រហ្វេសប៊ុករបស់លោក ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីពាក់កណ្តាលយប់ឆ្លងចូលថ្ងៃទី១២ វិច្ឆិកានេះ បានបញ្ចេញ សារនយោបាយសំខាន់ពីរ ឆ្លើយតបទៅកាន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមេបក្សប្រឆាំងរូបនេះ បានប្រៀបធៀបការបោះឆ្នោតនៅភូមា ទៅនឹងកម្ពុជា ហើយថាគណបក្សប្រឆាំងរបស់លោកនឹងឈ្នះឆ្នោតនៅឆ្នាំ២០១៨ខាង មុខ។ ក្រៅពី នោះ លោក សម រង្ស៊ី ក៏បានអំពាវនាវឱ្យលោកនាយករដ្ឋ្មន្ត្រីហ៊ុន សែន ចុះចេញពីតំណែងដោយសន្តិវិធីផងដែរ។
សំណេរក្នុងហ្វេសប៊ុកកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ៖ «ថ្ងៃនេះក៏ដូចដូចជាប៉ុន្មានថ្ងៃរួចមកហើយ ខ្ញុំមិនចង់និយាយអ្វីដែលនាំដល់អរិយភាពជាមួយអ្នកណាទាំងអស់ ព្រោះជាថ្ងៃបុណ្យជាតិផង ជាថ្ងៃដែលខ្ញុំកាន់ទុក្ខកូនដ៏កំសត់របស់ខ្ញុំផង នឹងក៏ដើម្បីសម្រួលដល់បរិយាកាសនយោបាយនៅកម្ពុជាយើងផងដែរ។ ប៉ុន្តែជាអកុសល ខ្ញុំមិនអាចនៅស្ងៀមចំពោះការប្រមាថរបស់កូនជនក្បត់ជាតិបានទេ។
ជោគជ័យគួរឱយកោតសរសើររបស់បក្សប្រឆាំងនៅមីយ៉ាន់ម៉ា ដែលខ្មែរយើងទម្លាប់ហៅថាភូមា បានទាញមេបក្សប្រឆាំងនៅកម្ពុជា ដែលទើបសុំទោសខ្ញុំកាលពីថ្ងៃ ២៩ តុលា ២០១៥ បើកការវាយប្រហារមកលើខ្ញុំសារជាថ្មីដែលបានបំផ្លាញសារជាថ្មីនូវវប្បធម៌សន្ទនា ដែលបាន នឹងកំពុងជួសជុលបន្ទាប់ពីជំនួប ស ខេង សម រង្ស៊ី។
មុនៗឲ្យតែមានបដិវត្តន៍ពណ៌ផ្ដួលរំលំនៅប្រទេសណា មេបក្សប្រឆាំងរូបនេះតែងតែនិយាយថា ជិតកើតឡើងនៅកម្ពុជាដែរហើយ។ តែនៅពេលឃើញប្រទេសដែលមានបដិវត្តន៍ពណ៌សុទ្ឋតែមានសង្គ្រាមបង្ហូរឈាម យើងមិនសូវឮមេបក្សរូបនេះនិយាយ ពីបដិវត្តន៍ពណ៌តទៅទៀតទេ។
បក្សប្រឆាំងនៅភូមាឈ្នះឆ្នោត គេប្រើជាប្រយោជន៍ដើម្បីវាយប្រហារបក្សកាន់អំណាច វាយប្រហាររាជរដ្ឋាភិបាល និងខ្លួនខ្ញុំ។ ស្អីនឹងគេដែរ ឯកឧត្តម បើមួយជាភូមា មួយទៀតជាកម្ពុជា និងមួយទៀតឆ្នាំ២០១៥ហើយ មួយទៀតឆ្នាំ២០១៨។ រឿងរ៉ាវខុសគ្នា របបនយោបាយសេដ្ឋកិច្ចសង្គមខុសគ្នា ភាពលំបាក និងងាយស្រួលខុសគ្នា សូម្បីតែការបោះឆ្នោតក៏ខុសគ្នា ដែលភូមាមិនដែលបោះឆ្នោត ឯកម្ពុជាបោះឆ្នោត៥ដងរួចមកហើយ។
ឯពូជពង្សវង់ត្រកូលឯកឧត្តមប្រៀបធៀបជាមួយ អ៊ុង សានសូជី មិនបានទេ ព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ បើពុំមានការធ្វើនីតិសម្បទាណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថា ជាកូនអាក្បត់ជាតិ។
ពាក្យអាក្បត់ជាតិមិនមែនជាពាក្យខ្ញុំដាក់ទេ តែរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់ សម្តេចព្រះ នរោត្តម សីហនុ ជាអ្នកប្រសិទ្ឋិនាមឲ្យ។
ឯកឧត្តមហៅខ្ញុំជាមនុស្សផ្តាច់ការកប់ៗមាត់ ថ្ងៃនេះខ្ញុំហៅឯកឧត្តមថា កូនអាក្បត់ជាតិ។ ខ្ញុំមិនដៀលពូជឯកឧត្តមទេ តែខ្ញុំហៅតាមអ្នកជំនាន់មុនដែលធ្លាប់ហៅឪពុកឯកឧត្តមថា អាក្បត់ជាតិ។
ពាក្យនេះសំរាប់ខ្ញុំពិបាកស្តាប់ណាស់ក្នុងសម័យថ្មីរបស់យើង តែខ្ញុំមិនហ៊ានកែប្រវត្តិសាស្ត្រ ពីក្បត់ជាតិទៅស្នេហាជាតិ ពីអាក្បត់ជាតិទៅជាឯកឧត្តមក្បត់ជាតិបានទេ បើមិនទាន់ធ្វើនីតិសម្បទារសំរាប់ជូនខ្មោចឳពុកឯកឧត្តមទេនោះ។
ខ្ញុំសុំប្រាប់ទៅឯកឧត្តមថា ពូជខ្ញុំអត់មានមនុស្សក្បត់ជាតិដូចឯកឧត្តមទេ។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។
សុំទោសបងប្អូនជនរួមជាតិ សុំវិនិឆ្ឆ័យចុះ តើអ្នកណាបង្កហេតុនឹង បើមានអ្វីកើតឡើងសុំកុំបន្ទោសខ្ញុំ។
ថ្ងៃនេះខ្ញុំបង្ហោះទៅជាមួយនៅអត្ថបទប្រៀបធៀបមួយ មិនដឹងចេញពីប្រភពណាតែឃើញក្នុង Facebook មួយ ទោះវាមិនទាន់ពេញលេញ តែវាជាមូលដ្ឋានឲ្យយើងយល់ពី អ៊ុង សានសូជី និង សម រង្ស៊ី។ ម្យ៉ាងទៀតសុំទោសផងយប់ស្ងាត់វាយម្នាក់ឯងអាចខុស្សពាក្យពេចន៍ និងអក្ខរាវិរុទ្ឋខ្លះ»៕ដោយ៖ខេមរា