បន្ទាប់ពីស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តហក់ឡើងខ្លាំង រហូតដល់កម្ពស់ជាង២១ម៉ែត្រ បានបណ្តាលឱ្យជន់លិចលំនៅដ្ឋានពលរដ្ឋ ជាង៣ពាន់ខ្នងផ្ទះ រួមនិងហេដ្ឋារចនាសម្ពន្ឋ័ វត្តអារាម មណ្ឌលសុភាព ប៉ះពាល់ស្រូវសន្ទូង.ពង្រោះ ជាង៧ពាន់ហិចតា នៅទូទាំងខេត្តក្រចេះ។
ជាមួយនិងស្ថានភាពនេះអាជ្ញាធរខេត្តក៏បានចេញសេចក្តីណែនាំ ដល់កងកម្លាំងប្រដាប់អាវុធ ជាពិសេស រដ្ឋបាលក្រុង ស្រុក ត្រូវត្រៀមលក្ខណៈ ក៏ដូចជាសម្ភារៈ ដើម្បីត្រៀមសង្គ្រោះពលរដ្ឋ ក៏ដូចជាសត្វពាហនៈ ទៅកាន់ទីទួលសុវត្ថភាព ដែលអាជ្ញាធរខេត្តបានត្រៀមទុក។ប្រធាន់មន្ទីធនធានទឹកនិងឧតុនិយម លោក ហេង រត្នម៉ូនីដា បានឱ្យដឹងនៅថ្ងៃទី២៥ខែកញ្ញានេះថា គិតត្រឹមថ្ងៃនេះ កម្រិតកម្ពស់ទឹកនៅស្ថានីយ៍ជល់សាស្ត្រខេត្តក្រចេះ មានកម្ពស់២១.៦៤ម៉ែត្រ ហើយកម្រិតកម្ពស់ទឹកនេះ មិនទាន់ហក់ឡើងដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ខណៈកម្រិតទឹកប្រកាសអាសន្នមានកម្ពស់ទឹក២៣ម៉ែត្រ។ លោកថា កម្រិតកម្ពស់ទឹកនេះ គឺបានហូរហៀរចូលតាមព្រែក តាមបឹង និងនៅតាមស្ថានីយ៍ស្តុបទឹក សំរាប់ស្តុបទុកបង្កបង្កើនផលដំណាំងរបស់ពលរដ្ឋនៅរដូវប្រាំង។
យោងតាមរបាយការរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានបង្ហាញថា ជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេមេគង្គ បានជន់លិចលំនៅដ្ឋានរបស់ពលរដ្ឋ៣០៥១ខ្នងផ្ទះ សាលារៀន៣២កន្លែង មណ្ឌលសុខភាព២កន្លែង វត្តអារាម១៥កន្លែង លិចស្រូវសន្ទូង.ពង្រោះ៧៣៦៩ហិចតា រួមនិងដំណាំរួមផ្សំជិត១ពាន់ហិចតា និងជន់លិចផ្លូវថ្នល់ជាច្រើនកន្លែង និងបានជម្លៀសសត្វពាហនៈ និងពលរដ្ឋទៅកាន់ទីទួលសិវត្ថិភាព។
ជាមួយនិងគ្រោះទឹកជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គនេះ ក៏បានបង្កឱ្យមានមនុស្ស៤នាក់ស្លាប់ ក្នុងនោះនៅក្នុងស្រុកចិត្របុរី ស្លាប់៣នាក់ ដោយសារករណីលិចទូក និងជនរងគ្រោះម្នាក់ទៀតគឺនៅក្នុងស្រុកព្រែកប្រសព្វ គឺស្លាប់ដោយសារករណីលង់ទឹក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dmkN8sPGCfc