មីយ៉ាន់ម៉ា៖មេបញ្ជាការកងទ័ពភូមា លោក មីន អ៊ុងលាំង កាលពីម្សិលមិញបានសន្យាថានឹងសហការជាមួយអនាគតរដ្ឋាភិបាលថ្មីរបស់លោកស្រី អ៊ុងសាន ស៊ូជី។ ការប្រកាសដូច្នេះរបស់ប្រមុខយោធារូបនេះ ធ្វើឡើងមួយថ្ងៃក្រោយលោកបានសរសេរសំបុត្រទៅស្វាគមជ័យជំនះរបស់ លោកស្រីអ៊ុងសាន ស៊ូជី។
មេបញ្ជាការទ័ពមីយ៉ាន់ម៉ា លោកមីន អ៊ុងលាំង ដែលតំណាងឲ្យអំណាចយោធារបស់មីយ៉ាន់ម៉ាមិនត្រឹមតែអបអរជ័យជំនះរបស់លោកស្រីប្រមុខបក្សប្រឆាំងទេ ប៉ុន្តែ លោកនៅ បានសន្យាថា នឹងសហការជាមួយ រដ្ឋាភិបាលថ្មី បង្កើតឡើងដោយបក្សប្រឆាំងទៀត។ នៅក្នុងសារថ្លែងទៅកាន់ថ្នាក់ដឹកនាំយោធា ដែលកងទ័ពមីយ៉ាន់ម៉ាបានបញ្ចេញជាសាធារណៈកាលពីម្សិលមិញ ប្រមុខយោធាដ៏មានអំណាចរូបនេះ បាននិយាយថា កងទ័ពមីយ៉ាន់ម៉ានឹងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីសហការ ធ្វើការជាមួយរដ្ឋាភិបាលថ្មី។ ទន្ទឹមនោះលោកក៏បានអំពាវនាវផងដែរ ឲ្យកងទ័ពរក្សាវិន័យ និងគោរពការសម្រេចចិត្តរបស់ប្រជាជន ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រឆាំង របស់លោកស្រី អ៊ុងសាន ស៊ូជី។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារលោកស្រី អ៊ុងសាន ស៊ូជីបានផ្ញើសំបុត្រសុំឲ្យមានជំនួបរវាងលោកស្រីជាមួយប្រមុខទ័ពមីយ៉ាន់ម៉ា លោកប្រធានាធិបតី និងលោក ស្វេ ម៉ាន់ ប្រធានរដ្ឋសភាផងដែរ៕
កងទ័ពមីយ៉ាន់ម៉ានឹងសហការជាមួយរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី