ភ្នំពេញ៖ លោក ឈាង វុន មន្ត្រីនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា និងលោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លៃងខុសគ្នាលើករណីដីកាចាប់ខ្លួនលោក សម រង្ស៊ី ដោយម្ខាងចាត់ទុកថា ជាការអនុវត្តច្បាប់ តែម្ខាងទៀតថាជារឿងនយោបាយ។តែទោះជាយ៉ាងណា អ្នកវិភាគបាន លើកឡើងថា លោក សម រង្ស៊ី នឹងមិនហ៊ានវិលចូលស្រុកវិញទេ បើមិនចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមុនសិន ។
មន្ត្រីនាំពាក្យរដ្ឋសភា លោក ឈាង វុន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ អាចនឹងត្រូវអាជ្ញាធរចាប់ខ្លួនបានភ្លាម ដោយមិនចាំ បាច់ ដកអភ័យឯកសិទ្ធសភាជាមុននោះទេ។ លោកលើកឡើងថា លោក សម រង្ស៊ីបានបាត់បង់អភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រជាស្វ័យប្រវត្តិនៅពេលដែលសាលាឧទ្ធរណ៍បានចេញដីកាស្ថាពរ កាលពីខែ មីនា ឆ្នាំ ២០១៣ ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍។
លោក ឈាង វុន លើកយកចំណុចមួយក្នុងមាត្រាទី ១៤ នៃច្បាប់លក្ខន្តិកៈតំណាងរាស្ត្រចែងថា តំណាងរាស្ត្រដែលត្រូវផ្តន្ទាទោស ហើយទោសនោះ បានចូលជាស្ថាពររួចហើយ តំណាងរាស្ត្រនោះនឹងបាត់បង់ សិទ្ធិទាំងឡាយ រួមទាំងសមាជិកភាពនៃតំណាងរាស្ត្រដែរ។
លោកបន្តទៀតថាតុលាការរាជធានីភ្នំពេញទើបតែចេញដីកាតាមចាប់ ខ្លួនលោក សម រង្ស៊ីនៅពេលនេះ មិនមែនដោយសារតែប្រតិកម្មរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តបទៅនឹងលោកសម រង្ស៊ីឡើយ។
តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជារូបនេះបន្តថា ការចេញដីកាចាប់ខ្លួននេះ ដោយសារតែ មេធាវីការពារក្តីរបស់ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ទើបស្នើឲ្យតុលាការចាត់វិធានការប្រឆាំងលោក សម រង្ស៊ី ពីព្រោះ ព្រះមហាក្សត្រមិនបានលើកលែងឲ្យលោក ចំពោះករណីបរិហាកេរ្តិ៍ លោក ហោ ណាំហុងឡើយ។
ភ្លាម ៗក្រោយតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ខណៈលោកកំពុងនៅក្រៅស្រុកនោះ លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ ដែលជិតស្និទលោក សម រង្ស៊ី បានលើកឡើងថាលោក សម រង្ស៊ី នឹងប្រកាន់គោលជំហរចាស់ដែលលោកប្រកាសធ្វើនៅមុនការលើកលែងទោស ឆ្នាំ២០១៣កន្លងទៅ។ ពោលគឺលោក សម រង្ស៊ី នឹងចូលមកក្នុងស្រុកវិញ ហើយនឹងប្រឈមមុខនឹងបញ្ហាតុលាការ។
យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង បានអះអាងថា លោក សម រង្ស៊ី នឹងមិនត្រូវចាប់ ខ្លួននោះទេព្រោះលោកមានអភ័យឯកសិទ្ធ ការពារដែលជាច្បាប់កំពូល។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោក សម រង្ស៊ី ធ្វើអត្ថាធិប្បាយជាចំហប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ នាសារមន្ទីរជើងឯក ទាក់ទងនឹងសាលាក្ដីខ្មែរក្រហម ដោយលោកបានស្នើឲ្យពន្លឿនការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមឲ្យ បានឆាប់។
លោក សម រង្ស៊ី ថ្លែងនៅពេលនោះថា មានអតីតទីប្រឹក្សា ប៉ុល ពត ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា និងមានអតីតមេគុកបឹងត្របែក របស់របបខ្មែរក្រហម ហើយបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ បរទេសកម្ពុជា ប៉ុន្តែលោក សម រង្ស៊ី មិនបាននិយាយចំៗឈ្មោះនោះទេ៕ដោយ៖ខេមរា