ប៉ារីស៖ភេរវករបានវាយប្រហារ និងបំផ្ទុះគ្រាប់បែកនៅកន្លែងសាលប្រគុំតន្ត្រី Bataclan ,ភោជនីយដ្ឋាន, ក្លឹបកំសាន្ត និងកន្លែងជាច្រើនជុំវិញទីក្រុងប៉ារីសសម្លាប់មនុស្សជាង១៤០នាក់។
ការវាយប្រហារនេះបានកើតឡើងក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីលោក Jihadi John ដែលជាពួកឧទ្ទាម ISIS ជនជាតិអង់គ្លេសត្រូវស្លាប់ក្នុងហេតុការណ៍វាយប្រហារតាមដែនអាកាសពីសំណាក់សហរដ្ឋអាមេរិក។
ពាក់ព័ន្ធករណីផងដែរក្រុមឧទ្ទាម ISIS បានចេញមុខប្រកាសថា ខ្លួនបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកក្នុងទីក្រុងប៉ារីស ។ នេះបើយោងតាមសេចក្តីរាយការតណ៍របស់ភ្នាក់ងារសារព័ត៌មាន Express ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ប្រភពបញ្ជាក់ថា មុនពេលបាញ់ប្រហារទៅលើជនរងគ្រោះ ខ្មាន់កាំភ្លើងបានស្រែកថា «ការបាញ់ប្រហារនេះដើម្បីប្រទេសស៊ីរី» ហើយស្រែកទៀតថា«ព្រះជាម្ចាស់ពិតជាអស្ចារ្យ»។
ដោយឡែកប្រធានាធិបតីបារាំងលោក Francois Hollande បានប្រកាសតបទៅពួកភេវរករថា «យើងនឹងធ្វើការវាយប្រហារដើម្បីជាការសងសឹក ហើយការវាយប្រហាររបស់យើង នឹងមានលក្ខណៈសាហាវឃោរឃៅ ដោយគ្មានត្រាប្រណីចំពោះពួកភេវរករឡើយ!»។ ប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ថា «ទោះបីជាបញ្ហានេះបានបង្កក្តីបារម្ភបំផុត តែយើងចាំបាច់ត្រូវតែប្រឈមមុខនឹងភាពភ័យខ្លាចទាំងនេះ ហើយទប់ទល់ជាមួយពួកភេវរករ»៕