ភ្នំពេញ៖បើតាមគម្រោងចាស់ លោក សម រង្ស៊ី ដែលកំពុងតែនៅប្រទេសកូរ៉េខាងត្បូងនៅឡើយនោះ នឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៦ វិច្ឆិកា នេះ ប៉ុន្តែគម្រោងនេះទំនងជាមានការប្រែប្រួល ក្រោយពីមានដីកាចាប់ ខ្លួនលោក បើទោះបីជាលោក សម រង្ស៊ី អះអាងនៅក្រៅប្រទេសថាលោកអត់ខ្លាចការចាប់ខ្លួនយ៉ាងណាក៏ដោយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា «ចរន្តនយោ បាយនាំមកនូវសេរីភាព ដែលគ្មាននរណាអាចទប់ស្កាត់ កំពុងតែរីករាលដាលទូទាំងពិភពលោក ធ្វើឲ្យរបបផ្តាច់ការដួលរលំម្តងមួយៗ ដូច្នេះអ្នកផ្តាច់ការទាំងនៅស្រុកគេ ទាំងនៅកម្ពុជាកំពុងតែភ័យខ្លាចហើយ!«។លោកថ្លែងបែបនេះ នៅក្រោយពីមានដីកាតុលាការក្រុងភ្នំពេញបង្គាប់ឲ្យចាប់ខ្លួនលោកក្នុងសំណុំរឿងជាមួយលោក ហោ ណាំហុង ។
លោក សម រង្ស៊ី ប្រធានគណសង្គ្រោះជាតិបានថ្លែងប្រាប់ពលករខ្មែរមួយចំនួនដែលធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា នេះថា «ចរន្តនយោបាយនាំមកនូវសេរីភាព ដែលគ្មាននរណាអាចទប់ស្កាត់នោះ បាន និងកំពុងតែរីករាលដាលទូទាំងពិភពលោក ធ្វើឲ្យរបបផ្តាច់ការដួលរលំម្តងមួយៗ ដូច្នេះពួកអ្នកផ្តាច់ការទាំងអស់ ទាំងនៅស្រុកគេខ្លះ កំពុងតែភ័យខ្លាចហើយ! កំពុងតែស្លន់ស្លោហើយ! អញ្ចឹងហើយបានមកធ្វើបាបអ្នកប្រជាធិបតេយ្យប៉ុន្មានថ្ងៃចុងក្រោយនេះ»។ លោកថា« ខ្ញុំអត់ខ្លាចទេ ចង់យកខ្ញុំទៅធ្វើអីធ្វើទៅ តែព្រលឹងខ្ញុំនៅតែតាមការពារខ្មែរជានិច្ច»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក សម រង្ស៊ី បានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហៅលោក សម រង្ស៊ី ថាជា”កូនអាក្បត់ជាតិ” និងក្រោយមកក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ក្នុងសំណុំរឿងចាស់ជាមួយលោក ហោ ណាំហុង តែម្តង។
គេនៅចាំបានថា លោក សម រង្ស៊ី នាពេលកន្លងមក ធ្លាប់ផ្តល់កិច្ចសម្ភាសន៍ជាមួយកាសែតបារាំងដោយប្រដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងមានវាសនាដូចជនផ្តាច់ការ ហ្គាដាហ្វី នៅប្រទេសស៊ីរីផងដែរ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៣ វិច្ឆកា ដោយចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ហើយផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ ៨លានរៀល៕ ដោយ៖នូរ៉ា