ភ្នំពេញ ÷ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ហាញមុខក្រុមបងធំDP ZIN(ហៅ ដើមពោធិ៍)ដែលបានបង្ក្រាបកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកន្លែងបុកប៊ីយ៉ា ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាល បានឱ្យដឹងថា ក្រោយពីឃាត់យកមកសាកសួរ ក្រុមបងធំ DP Zin ដើមពោធិ៍ នេះបានសារភាពថា ក្រុមពួកគេ ធ្លាប់ធ្វើសកម្មភាពចំនួន ៣លើក ទី១ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវប៉េតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើសកម្មភាពកាប់ម៉ូតូ និងកាប់ជនគ្រោះបណ្ដាលឲ្យ រងរបួស។
លើកទី២ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចការ៉ាសសាំងតូតាល់ផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើសកម្មភាពកាប់បណ្ដាលជនរងគ្រោះខូចខាតម៉ូតូ និងរងរបួសដៃជាទម្ងន់។
លើកទី៣ នៅចំណុច ផ្លូវបេតុង ភូមិចំការឪទ្បឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១:២៧នាទីយប់ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ ហ្កិត តូណា មុខរបរលក់ទាខ្វៃ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុប ១៤នាក់ ក្នុងនោះ ៤នាក់ មិនពាក់ព័ន្ធ ត្រូវបានធ្វើកិច្ចសន្យាអប់រំឱ្យត្រឡប់ទៅផ្ទះវិញ និងបានដកហូតម៉ូតូធ្វើសកម្មភាពសរុប ៧គ្រឿង និងកាំបិតតាំងតោ ១ដើម។
គួររំលឹកថា កាលពីវេលាម៉ោង១១:៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខណៈយុវជន រងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដា Zoomer-X ១គ្រឿង ឌុបគ្នានៅតាមផ្លូវស្ថិតនៅក្នុងភូមិចម្ការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែក្រុមបងធំនេះមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿងដេញកាប់ បណ្តាលឱ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើងស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ បន្ទាប់មកក្រុមជនពាលទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។
បច្ចុប្បន្នកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រារាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕
https://youtu.be/8mRp4gcAgsg