ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់បានត្រូវជនដៃដល់ អារ.ក សម្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងបន្ទប់ជួលស្ថិត នៅក្នុងសំណង់ ផ្សារបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានបង្ហាញអោយដឹងថា បើយោងទៅតាមលិខិតឆ្លងដែនជនរងគ្រោះក្នុងអំពើឃាតកម្មនោះ មានឈ្មោះ ចិន ហួយយីង ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួល ម្តុំសំណងខាងលើ។ ក្នុងនោះសមត្ថកិច្ចនគរបាល បានដាក់ការសង្ស័យ លើមិត្តភក្តិជនរងគ្រោះម្នាក់ដែលឈ្មោះ យ៉ាង ប៉ីប៉ី ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួលក្បែរគ្នា ហើយសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនជាតិចិន ស្នាក់នៅបន្ទប់ជួលក្បែរគ្នា មួយចំនួន ទៀត ដើម្បីសាកសួរ។
ក្រោយពីមានហេតុការណ៍កើតឡើង មានអ្នកប្រចាំការនៅទីនោះបានរាយការណ៍ ទៅសមត្ថកិច្ចថា មានស្ត្រីជនជាតិចិនម្នាក់ ត្រូវបានគេសម្លាប់នៅក្នុងបន្ទប់ជួល។
ភ្លាមៗនោះសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ រកឃើញវត្ថុតាង កាំបិតប៉័ងតោ១ ដំបង ២ដើម និងធ្វើការឃាត់ខ្លួន ជនជាតិចិនចំនួន ៥នាក់ ដើម្បីធ្វើការសាកសួរ ស្វែងរកជនដៃដល់។
ក្នុងករណីឃាតកម្មនេះ ពុំទាន់មានប្រភពច្បាស់លាស់ ពីអត្តសញ្ញាណជន ដៃដល់នៅឡើយទេ ហើយពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់៕