បារាំង៖ប៉ូលិសបារាំងបានចាប់ផ្តើមយុទ្ធនាការចុះឆែកឆេរទីតាំងសង្ស័យ១៥០កន្លែងចាប់តាំងពីមានហេតុការណ៍វាយប្រហារភេរវកម្មក្នុងក្រុងប៉ារីសដែលសម្លាប់មនុស្សជាង១០០នាក់។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ដ្រីបារាំង Manuel Valls កាលពីម្សិលមិញ។
ប្រភពពីប៉ូលិសបារាំងបានឲ្យដឹងទៀតថា ការចុះឆែកឆេរក៏បានធ្វើឡើងនៅក្នុងទីក្រុងមួយចំនួនទៀតរបស់បារាំង ក្នុងនោះមានទីក្រុងBobigny និងនៅតំបន់ជាយក្រុងភាគខាងកើត។ ការចុះឆែកឆេរ១៣លើកត្រូវបានធ្វើឡើងនៅជុំវិញភាគអាគ្នេយ៍ទីក្រុង Lyonប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ពីប៉ូលិសក្នុងតំបន់។ ប្រភពដដែលបន្តថា ការធ្វើយុទ្ធនាការនេះបានឈានដល់ការចាប់ខ្លួនមនុស្ស៥នាក់ និងរឹបអូសបានឃ្លាំងអាវុធ ឧបករណ៍បាញ់គ្រាប់រ៉ុកក្កែតមួយ កាំភ្លើង អាវក្រោះ និងឧបករណ៍ផ្សេងៗទៀត។
ប៉ូលិសបានចុះឆែកឆេរផងដែរនៅក្នុងទីក្រុងToulouseនៅភាគនិរតី ប្រទេសបារាំង ជាកន្លែងដែលយ៉ាងហោចណាស់មានមនុស្ស៣នាក់ត្រូវបានចាប់ខ្លួន។ នេះបើតាមការបញ្ជាក់ពីការិយាល័យព្រះរាជអាជ្ញាក្នុងតំបន់។ ដោយឡែកនៅក្នុងទីក្រុងGrenoble មានមនុស្សជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន រួមទាំងរឹបអូសយកកាំភ្លើងនិងប្រាក់មួយចំនួនផងដែរ។
គួរបញ្ជាក់ថា ការចុះឆែកឆេរនេះ ក្រោយមានការវាយប្រហារ៧កន្លែងផ្សេងគ្នាក្នុងក្រុងប៉ារីស សម្លាប់មនុស្ស១២៩នាក់ និងជាង៣៥០នាក់រងរបួស៕

PARIS, FRANCE – JANUARY 09: Police mobilize with reports of a hostage situation at Port de Vincennes on January 9, 2015 in Paris, France. According to reports at least five people were taken hostage in a kosher deli in the Port de Vincennes area of Paris. A huge manhunt for the two suspected gunmen in Wednesday’s deadly attack on Charlie Hebdo magazine has entered its third day. (Photo by Antoine Antoniol/Getty Images)