(ភ្នំពេញ)៖យុវជនម្នាក់បានស្លាប់ក្នុងហេតុការណ៍ក្រុមក្មេងទំនើងមួយក្រុមយកដុំថ្មគប់ ខណៈដែលយុវសិស្សរូបនេះកំពុងដើរតាមផ្លូវមករកទិញទឹកផ្លែឈើហូប។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១ រំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំនុចមុខផ្សារក្រមួនសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះ មានឈ្មោះ សៅ លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩Dនៃសាលាវិទ្យាល័យសម្តេចហ៊ុនសែន ចាក់អង្រែ ស្នាក់នៅក្បែរចំនុចកើតហេតុ ។
តាមការរៀបរាប់របស់ម្តាយនិងមិត្តភ័ក្ររបស់យុវជនរងគ្រោះបានឲ្យដឹងថា នៅយប់មុនពេលកើតហេតុ យុវជនរងគ្រោះនិងមិត្តភ័ក្រចំនួន៣នាក់ទៀតបានដើរចេញពីផ្ទះសុំម្តាយទៅរកទិញទឹកផ្លែឈើហូប ខណៈកំពុងតែដើរតាមផ្លូវក៏មានក្រុមក្មេងទំនើងចំនួន៤នាក់ជិះម៉ូតូ២គ្រឿងបានមកឈប់មុខក្រុមយុវជនរងគ្រោះដែលកំពុងតែដើរតាមផ្លូវ ហើយយកដុំថ្មគប់ចំក្បាលយុវជនឈ្មោះសៅ លីម៉េង បណ្តាលឲ្យដួលដាច់ផ្ងាហូរឈាមជោគជាំ។ ភ្លាមៗនោះអាណាព្យាបាលក៏បានដឹកកូនរបស់គាត់ទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យជ័យជំនះនៃក្រុងតាខ្មៅ ។តែជាអកុសលយុវជនរូបនេះបានដាច់ខ្យល់ស្លាប់ពេលដែលបញ្ជូនដល់មន្ទីរពេទ្យហើយក៏បានដឹកសពយកមកតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោមសហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសព។សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា យុវជនសៅ លីម៉េង ស្លាប់ក្នុងអំពើឃាតកម្ម។សមត្ថកិច្ចបានធ្វើកំណត់ ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែកបក្ខពួកក្រុមជនសង្ស័យស មត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕
វីដេអូព័ត៌មនពិស្ដារ៖ https://youtu.be/ncgpzdTLzEI