(ខេត្តតាកែវ)៖ លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនទៅធ្វើការសួរនាំ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ម្សិលមិញ ហើយបញ្ជូនមកសួរនាំបន្ដនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបាននាំខ្លួនអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
អាវុធហត្ថដែលត្រូវបានយកទៅសួរនាំនោះមាន វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ, អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ និងអនុសេនីយ៍ត្រី ស៊ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កម្លាំងជំនាញពិតជាបាននាំខ្លួននាយអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្ដែចំពោះនីតិវិធីបន្ដយ៉ាងណានោះ លោកបញ្ជាក់ថា នៅពេលបញ្ចប់ការសួរនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ៕
https://youtu.be/1NpMY-XtTuE