លោក សម រង្ស៊ី ថា ប្រទេស​កម្ពុជា​វិលត្រឡប់​​ទៅ​រក​​ប្រព័ន្ធ​​បក្ស​​តែ​មួយ​​មុន​ថ្ងៃ​២៣​តុលា​១៩៩១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2015 ក+ ក-

រាជធានី​ភ្នំពេញ៖Facebook លោក សម រង្ស៊ី នៅ​ព្រឹក​នេះ បានបង្ហាញ​សារ​មួយ​តាម​នៅលើ Facebook របស់លោក ដោយបាន​រៀបរាប់​និង​បាន​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ និង​បាន​លើកឡើងថា ប្រទេស​កម្ពុជា​បាន​វិលត្រឡប់​ទៅរក​ប្រព័ន្ធ​បក្ស​តែមួយ មុន​ថ្ងៃ​២៣ តុលា ១៩៩១​។

​    ​សូម​អាន​សារ​របស់លោក សម រង្ស៊ី ដែល​បាន​បង្ហោះ​នៅលើ Facebook ប៉ុន្មាន​នាទី​មុននេះ ដូចខាងក្រោម​៖ 

​    ​បន្ទាប់ពី​ទង្វើ​យ៉ាង​យង់ឃ្នង​មួយចំនួន​ថ្មីៗ​នេះ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា មកលើ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងនោះ​មានការ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ ដាក់ពន្ធនាគារ​មកទល់​នឹង​ថ្ងៃនេះ​, ការវាយដំ​យ៉ាង​សាហាវ​មកលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​២ រូប​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា​, ការដក​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា មាន​ទង្វើ​បន្ថែមទៀត​ជា​ចុងក្រោយ គឺ​ការចេញ​ដីកា​ឲ្យ​ចាប់​រូបខ្ញុំ ក្នុងឋានៈ​ខ្ញុំ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទោះជា​ខ្ញុំ​មាន​អភ័យឯកសិទ្ធិសភា​យ៉ាងណាក៏ដោយ ហើយ​នៅ​ទីបញ្ចប់​ការបណ្តេញ​ខ្ញុំ​ចេញពី​រដ្ឋសភា បន្ទាប់ពី​ការបោះឆ្នោត​សម្រេច​បែបនេះ ធ្វើឡើង​ដោយ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ​ក៏ដោយ ។

​    ​ទង្វើ ទាំងអស់នេះ ឈានទៅដល់​ការបញ្ចប់​តួនាទី​របស់​គណបក្សប្រឆាំង​តែមួយគត់ ដែលមាន​អ​សនៈ​ក្នុង​រដ្ឋសភា ហើយ​បង្ហាញថា​ប្រទេស​កម្ពុជា បាន​វិលត្រឡប់​ទៅរក​ប្រព័ន្ធ​បក្ស​តែមួយ ដូច​មុន​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១​។

​    ​ទង្វើ ទាំងអស់នេះ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ដែល​នាំមក​នូវ​ផលប៉ះពាល់​ផ្លូវច្បាប់ និង​ផ្លូវ​នយោបាយ ដូច​រដ្ឋប្រហារ​យោធា ដែល​ពួកគេ​បានធ្វើ​នៅ​ថ្ងៃ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ អញ្ចឹង​ដែរ​។ ផលប៉ះពាល់​ចម្បង គឺ​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ ដែលមាន​ធានា​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចុះហត្ថលេខា​ដោយ ១៨ ប្រទេស​ជា​មិត្ត ដោយមាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ ផងដែរ​។ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​ប្រកាន់​នូវ​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។

​    ​យ៉ាងណាក៏ដោយ យើង​មិនទាន់​ទទួលបាន​ការបកស្រាយ​ណាមួយ​ទាក់ទង​សារ​នយោបាយ​ប្រកបដោយ ការប្រមាថ​របស់លោក សម រង្ស៊ី ពី​សំណាក់​ថ្នាក់ដឹកនាំ​ឬក៏​មន្ត្រី​CPP​នៅឡើយ​នោះទេ​៕

7862_2