បាត់ដំបង៖ ក្របី០១ ក្បាល ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់សម្លាប់ហើយកាលពីល្ងាច ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បន្ទាប់ពីវាបានបង្កគ្រោះថ្នាក់ផ្ទួនៗគ្នាចំនួន០២លើក ដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ បង្កឲ្យបុរសពីរនាក់ឪពុក និងកូនប្រុស បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់កាលពីថ្ងៃទី១៦និង១៧ ខែ វិច្ឆិកា ២០១៥ កន្លងទៅនេះ។
ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះ បានកើតឡើងលើគ្រួសារកសិកររស់នៅក្នុង ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកសត្វក្របីនោះត្រូវប៉ូលីសប៉ុស្តិ៍ ឃុំកំពង់ព្រះ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង បានអះអាងថា បានបាញ់សម្លាប់ហើយ ព្រោះបើទុកវានៅរស់ នោះ វានឹងបង្កគ្រោះថ្នាក់ដល់អ្នកស្រុកផ្សេងទៀតជាមិនខាន។
ហេតុកាណ៍កើតឡើងដោយត្រូវក្របីមួយក្បាលវ័ធ រហូតបង្កឲ្យមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នេះ គឺបង្កឡើង ដោយក្របីមួយក្បាលក្នុងចំណោមហ្វូងក្របីចំនួន៧-៨ក្បាលរបស់អ្នកភូមិទីនោះ។ជនរងគ្រោះដែលត្រូវក្របីវ័ធ ឲ្យរងរបួស ធ្ងន់ធ្ងរនោះ មានឈ្មោះ ជា តុង អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈពេលដែល ជនរងគ្រោះ ចែវទូកទៅមើលសន្ទូចនៅចំណុចវាលស្ទឹងត្រប់ ក្នុងឃុំខាងលើ ហើយត្រូវបានក្របីមួយក្បាលដេញវ័ធបណ្តាល ឲ្យរងរបួសធ្ងន់ធ្លាយពោះវៀនដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីល្ងាចថ្ងៃទី១៦វិច្ឆិកាវេលាម៉ោង៤,១៥ នាទី កន្លងទៅនេះ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា៖ បន្ទាប់ពីមានហេតុការណ៍អាក្រក់កើតឡើង០១ថ្ងៃ។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឈ្មោះ ជា តុងទីន ភេទប្រុស អាយុ២០ឆ្នាំ បានប្តឹងសមត្ថកិច្ចប៉ូលីសមូលដ្ឋានដើម្បីចុះទៅមើលកន្លែងកើតហេតុម្តងទៀត កាលពីល្ងាច ថ្ងៃទី១៧វិច្ឆិកា វេលាម៉ោង០៤,២២នាទី ដើម្បីទៅមើលក្របីដែលវ័ធឪពុករបស់ខ្លួន នៅចំណុចកើតហេតុខាង លើ ដើម្បីផ្តល់ព័ត៌មានឲ្យសមត្ថកិច្ច។ ប៉ុន្តែចៃដន្យអាក្រក់ ក្របី០១ក្បាលនោះ បានស្ទុះចេញពីក្នុងគម្ពោតព្រៃដេញវ័ធយ៉ាង កម្រោល បណ្តាលឲ្យ ឈ្មោះ ជា តុងទីន ត្រូវក្របីវ័ធ ត្រូវចំចុងដង្ហើមនិងកណ្តៀតក្អមបណ្តាលដួលប្រកាច់ស្រែកឲ្យគេជួយ។
ក្នុងហេតុការនេះ ប្រភពពីអ្នកទៅជាមួយបានអះអាងថា៖ ពេលជនរងគ្រោះស្រែកឲ្យជួយនិងចុះទៅជួយ ក៏ត្រូវក្របីនេះដេញ វ័ធផងដែរ ទើបបងប្អូនទាំងនោះរត់មកហៅអ្នកភូមិឲ្យចុះទៅជួយជនរងគ្រោះ តែជាអកុសល ជនរងគ្រោះបានដេកស្លាប់បាត់ ទៅហើយ។
សមត្ថកិច្ចប៉ូលីសប៉ុស្តិមូលដ្ឋានក្នុងឃុំកំពង់ព្រះ ស្រុកសង្កែខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖ក្របីមួយក្បាល ដែលបង្កគ្រោះថ្នាក់នេះត្រូវបានសមត្ថកិច្ចបាញ់សម្លាប់កាលពីរសៀលថ្ងៃទី១៨វិច្ឆិកា២០១៥ដោយមានកាអនុញ្ញាតពីគណៈបញ្ជាការឯកភាពស្រុក។
សមត្ថកិច្ចបានអះអាងបញ្ជាក់ទៀតថាប្រសិនទុកឲ្យក្របីនេះនៅរស់វានិងបង្កការភ័យ ខ្លាច និងអាច គ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ និងប្រជានេសាទនៅទីនោះបន្តទៀតជាមិនខាន៕ ដោយ៖ប.ប