ប៉ែន ចំ​រ៉ុង បង្ហាញមុខ​ក្នុង​ពិធី​សម្ពោធ​រឿង«ខ្មោច​ថតកុន»របស់ឪពុក​កញ្ញា ភិន សុ​ដា​លី​ស ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖នេះ​ថ្មីៗ​នេះ​លោក ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស បាន​ចេញមុខ​រួមគ្នា​បើកសម្ពោធ​រឿង​ថ្មី​របស់​ផលិតកម្ម មហាហង្ស​ក្រោម​ចំណងជើង​ថា​«​ខ្មោច​ថតកុន​» បើទោះបីជា​ទំនាក់ទំនង​របស់​ភាគី​ទាំងពីរ គឺ​លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម និង​តារា​សម្តែង ប៉ែន ចំ​រ៉ុង មិនទាន់មាន​ការផ្សះផ្សា​គ្នា​នៅឡើយ​។​

​អ្នក​ស្នេហា​វិស័យ​សិ​ល្បះ​បាន​កត់សម្គាល់ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​ភាគី​ទំនាស់​គឺ​ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស និង​លោក​អ៊ិន សុ​ភិន បាន​បង្ហាញមុខ​រួមគ្នា​ក្នុង​កម្មវិធី​សម្ពោធ​ខ្សែ​វីដេអូ​ដ៏​ថ្មី​សន្លាង​មួយ​របស់​ផលិតកម្ម​មហាហង្ស បន្ទាប់ពី​ពួកគេ​មានការ​អាក់អន់​ស្រពន់​នឹង​គ្នា​ពាក់ព័ន្ធ​ទំនាក់ទំនង​ស្នេហា​រវាង ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស អស់​រយះពេល​ជាច្រើន​ខែ​កន្លងមកនេះ​។​

​អ្វីដែល​គេ​កត់សម្គាល់​នោះ​គឺ គូស្នេហ៍​មួយគូ​បង្ហាញខ្លួន​កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា នេះ​ក្នុងនាម​ជា​តួអង្គ​ឯក​ក្នុង​រឿង ហើយ​លោក​អ៊ិន សុ​ភិន បង្ហាញខ្លួន​ក្នុងនាម​ជា​ម្ចាស់​ផលិតកម្ម ប៉ុន្តែ​ពួកគេ​បែរជា​ស្ថិតនៅ​ម្ខាង​ម្នាក់ ហើយ​អត់​សូម្បីតែ​មើលមុខ​គ្នា​។​

​នេះ​ជា​លើក​ទី​១ ដែល​លោក ប៉ែន ចំ​រ៉ុង កញ្ញា ភិន សុ​ដា​លី​ស និង​លោក​អ៊ិន សុ​ភិន បានធ្វើការ​រួមគ្នា​ជាថ្មី​ក្រោយពី​មានរឿង​ចម្រូងចម្រាស ប៉ុន្តែ​ភាគី​ទាំងពីរ​នៅតែមាន​សកម្មភាព​ព្រងើយកន្តើយ​ដាក់គ្នា​។ លោក អ៊ិន សុ​ភិន បាន​ឈរ​នៅ​ម្ខាង ហើយ​ទុក​ឲ្យ​លោក ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស សម្ដែង​ឈុត​ក្នុង​រឿង​ក្រៅ​ឆាក​ផង និង​ផ្ដល់​បទសម្ភាសន៍​ផង បើកសម្ពោធ​ខ្សែ​រឿង​របស់ខ្លួន​ដោយ​លោក​បង្ហាញ​អាកប្បកិរិយា​ហាក់ដូចជា​មិន​ខ្វល់​ពី​សកម្មភាព​របស់​អ្នក​ទាំងពីរ​ឡើយ​។

លោក អ៊ិន សុ​ភិន បាន​ប្រាប់​ឲ្យ​ដឹងថា រឿង «​ខ្មោច​ថតកុន​» បានផ្ដល់​ឱកាស​ឲ្យ ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស សម្ដែង​ជា​តួឯក​រួមគ្នា តាំង​ពីមុន​ពួកគេ​ផ្ទុះ​រឿងចម្រូងចម្រាស់​ជាមួយ​លោក​ម្ល៉េះ​។ អ៊ីចឹង​ហើយ​ទើប​លោក ក្នុងនាម​ផលិតកម្ម​មហាហង្ស សម្រេច​អញ្ជើញ​តួឯក​ទាំងពីរ​បង្ហាញខ្លួន​ក្នុង​ថ្ងៃ​សម្ពោធ​រឿង ដោយ​ឲ្យ​ពួកគេ​ធ្វើ​សន្និសីទ​រួមគ្នា​បង្ហាញ​ពី​ការសម្ដែង​របស់ខ្លួន និង​ធ្វើ​សកម្មភាព​សម្ដែង​ក្រៅ​ឆាក ដើម្បី​ឲ្យ​អ្នកទស្សនា​ចាប់អារម្មណ៍​ទិញ​សំបុត្រ​ចូល​ទស្សនា​រឿង «​ខ្មោច​ថតកុន​»​ក្នុង​ថ្ងៃ​បន្តបន្ទាប់​។​

យ៉ាងណាក៏ដោយ លោ​កថា​ខ្សែ​រឿង​«​ខ្មោច​ថតកុន​» បើ​ទទួលបាន​ជោគជ័យ​ខ្លាំងក្លា​គឺ​មិនមែន​ដោយសារតែ​អ្នកទស្សនា​ចង់​មើល​ការសម្ដែង​របស់លោក ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស នោះទេ ដោយសារតែ​សាច់រឿង​ល្អ និង​ការជឿជាក់​ចំពោះ​ទស្សនិកជន​ដែល​ទុកចិត្ត​ចំពោះ​ស្នាដៃ​របស់​ផលិតកម្ម​មហាហង្ស​នោះ​ទឿ​វិញ​។ លោក​មានប្រសាសន៍ថា​៖ “​សម្រាប់​ខ្ញុំ​និង​ពួកគាត់​គឺជា​រឿង បុគ្គល អ៊ីចឹង​ក្នុងនាម​គាត់​ជា​តួអង្គ​នៅក្នុង​រឿង​ហ្នឹង​គឺ​ត្រូវតែ​មក សម្ពោធ ហើយ​អាហ្នឹង​គឺ​ក្រុមការងារ​របស់​មហាហង្ស​ជា​អ្នក​អញ្ជើញ​ពួកគាត់ ទេ​!”​។ លោ​កថា​នៅក្នុង​រឿង​«​ខ្មោច​ថតកុន​» បាន​រំលេច​តួអង្គ​លោក​លឹម រដ្ឋា ពី​ការសម្ដែង​តួ​កាច​មកជា​តួ​ភេទ​ទី​៣ ដែល​លោក​បញ្ជាក់ថា​នឹងធ្វើ​ឲ្យ​រឿង​ទាំងមូល​ផ្ទុះ​ខ្លាំង​។ លោក​មានប្រសាសន៍ថា​៖ “​មួយ​រឿង​ហ្នឹង​ខ្ញុំ​ចំណាយ​ច្រើនជាង គេ គឺ​ដល់​ជិត​៦​ម៉ឺន​ដុល្លារ ប៉ុន្តែ​ជោគជ័យ​កម្រិតណា​ខ្ញុំ​អត់​ហ៊ាន​អួត​ទេ គឺ​ទុក​ឲ្យ​អ្នកទស្សនា​វិនិច្ឆ័យ​វិញ ប៉ុន្តែ​ខ្ញុំ​នៅតែ​គិតថា​នឹងមាន​អ្នកមើល​ចូល​មើល ច្រើន ព្រោះ​មួយ​រឿង​ហ្នឹង ក្រៅពី​សើច​តាំងពី​ដល់​ចប់ ក៏មាន​ឈុត​ឆាក​ខ្មោច និង​សាច់រឿង​ល្អ​ផងដែរ​!”​។

​លោក ប៉ែន ចំ​រ៉ុង បើទោះជា​មិនត្រូវ​បាន​ថៅកែ​ផលិតកម្ម​មហាហង្ស​ស្វាគមន៍​នៅ ថ្ងៃ​សម្ពោធ​នោះ ក៏​លោក​ប្រឹងប្រែង​សម្ដែង​ក្រៅ​ឆាក​ធ្វើ​ឲ្យ​ខ្សែ​រឿង​«​ខ្មោច​ថតកុន​» ទទួលបាន​ការចាប់អារម្មណ៍​ក្នុងចំណោម​អ្នក​ចោមរោម​មើល​នៅ​ផ្សារ ទំនើប​អ៊ី​អន​។

លោក​ទទូច​ឲ្យ​អ្នកគាំទ្រ​វិស័យ​សិល្បៈ​ខ្មែរ​ចូលរួម​ទស្សនា រឿងនេះ​ឲ្យ​បាន​កុះករ នៅ​បន្ទាប់ពី​រឿង​«​ខ្មោច​ថតកុន​» ដំណើរ​ការដាក់​ផ្សាយ​ជា​សាធារណៈ​នៅតាម​រោងកុន​នៅ​ចាប់ពី​សប្ដាហ៍​នេះ​។ លោក​ជឿថា​ភាពយន្ត​នេះ​នឹង​ក្លាយជា​ចំណាប់អារម្មណ៍​កាន់តែខ្លាំង​ចំពោះ​មហាជន​ដែល​ផ្ដោត​ការចាប់អារម្មណ៍​ចំពោះ​ស្នេហា​របស់លោក និង​ភិន សុ​ដា​លី​ស ដែល​បាន​សម្ដែង​ជា​តួឯក​រួមគ្នា​។

​លោក​ចំ​រ៉ុង​បន្តថា រឿង​«​ខ្មោច​ថតកុន​» គឺជា​អនុស្សាវរីយ៍​ធំ​មួយ​ក្នុងការ​ផ្ដើម​ស្នេហ៍​របស់លោក ហើយក៏​ធ្វើ​ឲ្យ​លោក និង​ភិន សុ​ដា​លី​ស លេចធ្លោរ​ព្រោះតែ​ការតស៊ូ​ស្នេហា​ឲ្យ​មហាជន​ទទួលស្គាល់​។ អ៊ីចឹង​ហើយ​ទើប​លោក​ព្រមទាំង​គូស្នេហ៍​ដោយផ្ទាល់ មានការ​រំពឹងថា​នឹងមាន​ការគាំទ្រ​ចំពោះ​រឿងនេះ​យ៉ាងច្រើន​កុះករ​៕ដោយ៖រដ្ឋា

hbgvbbb

yhgyyy