ស្វាយរៀង៖មន្ត្រីគណបក្សសង្គ្រោះជាតិក្រុងបាវិត ២រូប នៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោមបទចោទប្រកាន់ក្លែងឯកសារសំបុត្រកំណើតបង្ហោះតាមប្រព័ន្ធហ្វេសប៊ុកថា ខេត្តស្វាយរៀងស្ថិតនៅ ក្នុងទឹកដីវៀតណាម ធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ បំណងកេងចំណេញខាងនយោបាយ។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់នៅរសៀលថ្ងៃនេះថា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្រុងបាវិត និងសមាជិកក្រុមប្រឹក្សាក្រុងបាវិតម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ពាក់ព័ន្ធការក្លែងឯកសារសាធារណៈ សំបុត្រកំណើតរបស់ប្រជាពលរដ្ឋ ដោយបានសរសេរបន្ថែមលើសំបុត្រកំណើតនោះថា ខេត្តស្វាយរៀង ស្ថិតនៅក្នុងប្រទេសវៀតណាម។ ការសរសេរដូច្នេះ ត្រូវបានប៉ូលិស ចាត់ទុកថា ដើម្បីកេងចំណេញនយោបាយ និងធ្វើអោយមានការភ័ន្តច្រឡំ។
សមត្ថកិច្ចបន្តថា បុរសដែលបានចាប់ខ្លួននោះមានឈ្មោះ សុខ សំអ៊ាន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្រុងបាវិត រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយ រៀង និងឈ្មោះ នង សារិទ្ធ ជាសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ក្រុងបាវិត។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្រុងបាវិតទាំង២រូប ត្រូវបានចាប់ខ្លួនដោយសារតែបានសរសេរបន្ថែមក្លែងលើឯកសារសំបុត្រកំណើតបង្ហោះតាមហ្វេសប៊ុកថា ទឹកដីស្រុកចន្ទ្រា ខេត្តស្វាយរៀង គឺប្រទេសវៀតណាម។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យក្នុងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះដែរ ប៉ូលិស ឃុំ-ស្រុក ថ្មពួក បានចាប់ខ្លួនបុរសម្នាក់ជាសមាជិកក្រុម ប្រឹក្សាស្រុកថ្មពួកម្នាក់ មកពីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធការប្រើអំពើហិង្សាវាយអ្នកលក់លតឆា នៅក្នុងវត្តពោធិវាលថ្មពួក នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជនដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ ហឿន ឡាំ អាយុ៣៧ ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ជាសមាជិកក្រុមប្រឹក្សាស្រុកថ្មពួក។ រីឯជនរងគ្រោះឈ្មោះ គង់ សារិទ្ធ អាយុ ៥២ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យ៕ដោយ៖រដ្ឋា
លោក ហឿន ឡាំ សមាជិកក្រុមប្រឹក្សាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ