ឥណ្ឌា-កម្ពុជា៖លោកស្រីលេខាធិការ នៃក្រសួងការបរទេសឥណ្ឌាបានឆ្លើយតបទៅឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌាថា ឥណ្ឌានឹងមិនឲ្យមានការសាងសង់ប្រាសាទណាមួយនៅលើទឹកដីរបស់ខ្លួនដោយមានរចនាប័ទ្មដូចប្រាសាទអង្គរវត្តខ្មែរនោះឡើយ។
លោកស្រីលេខាធិការបានបញ្ជាក់បែបនេះ នៅក្នុងជំនួបមួយកាលពីពេលថ្មីៗនេះ នៅទីក្រុងញូដែលី រវាងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា រួមជាមួយលេខាធិការនៃក្រសួងវប្បធម៌ឥណ្ឌា ពាក់ពន្ធ័ព័ត៌មានដែលថាក្រុមហ៊ុនឥណ្ឌាមួយមានគម្រោងសាងសង់ប្រាសាទ ចម្លងតាមរចនាប័ទ្មប្រាសាទអង្គរវត្តខ្មែរ នៅរដ្ឋប៊ីហារប្រទេសឥណ្ឌា ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញនៅថ្ងៃទី១៧ ខែវិច្ឆិកាបានឲ្យដឹងថាភាគីរដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា៖
ទី១. រដ្ឋាភិបាលឥណ្ឌានឹងទប់ស្កាត់មិនឲ្យមានការសាងសង់ ។
ទី២.ក្រសួងការបរទេសឥណ្ឌាបានផ្តល់ដំណឹងដល់ក្រុមហ៊ុនមិនឲ្យសាងសង់ប្រាសាទចម្លងតាមរចនាប័ទ្មប្រាសាទអង្គរវត្តខ្មែរ។
ទី៣. ក្រុមហ៊ុនបានសន្យាថានឹងមិនសាងសង់ប្រាសាទចម្លងតាមរចនាប័ទ្មប្រាសាទ អង្គរវត្តទេ ដោយសុំសាងសង់ប្រាសាទមានរចនាប័ទ្មប្រាសាទឥណ្ឌា ហើយនិងបញ្ជូនគម្រោងស្នើសុំការសាងសង់នេះទៅក្រសួងវប្បធម៌និងក្រសួង ការបរទេសឥណ្ឌាដើម្បីពិនិត្យ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិបានឲ្យដឹងថា ការធានាអះអាងជាផ្លូវការរបស់ក្រសួងការបរទេសឥណ្ឌានេះបានរក្សាដួង ព្រលឹង ប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖គ. បញ្ញា