​តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​លោក ហេង ពៅ និង​បក្ខពួក​នៅ​ថ្ងៃទី​២១​តុលា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2014 ក+ ក-

ភ្នំពេញ​៖ តុលាការ​កំពូល​បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក លី រ៉ាស៊ី ព្រមទាំង​គូកន ២​នាក់​ទៀត កាលពី​ព្រឹក​ថ្ងៃទី​៣០​កញ្ញា​ក្រោម​ការចោទប្រកាន់​ពីបទ​មនុស្សឃាត​គិតទុក​ជាមុន​។​
​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក ហេង ពៅ និង​គូកន ពាក់ព័ន្ធ​ការប៉ុនប៉ង​សម្លាប់​លោក​ចៅក្រម សុក សេដ្ឋា​មុន្នី កាលពី​ចុងឆ្នាំ​២០០៣ កន្លងមក​។ ប៉ុន្តែ​ក្រោយ​ការ​សួរ ដេញដោល តុលាការ​បាន​លើក​ពេល ប្រកាស​សាលក្រម ទៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤ ខាងមុខនេះ​វិញ​។​

ស្របពេល​ជាមួយគ្នានេះ លោក​លី រ៉ាស៊ី ព្រមទាំង​ម្តាយ របស់លោក ដែលមាន​វ័យ​ចំណាស់ បាន​សំណូមពរ​ទៅ លោកនាយក​រដ្ឋមន្ត្រី និង​តុលាការ​កំពូល មេត្តាជួយ​រក​យុត្តិធម៌ ពីព្រោះ​លោក​ពុំបាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់ នោះទេ​។​

គួររំលឹកថា លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ជាច្រើន​ករណី​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​សរុប​ជិត ១០០ ឆ្នាំ​។ ចំណែក​គូកន​ផ្សេងទៀត រួមមាន លោក​លី រ៉ាស៊ី មាន​៦​សំណុំរឿង ហើយ ២​សំណុំរឿង បាន​ចូល​ស្ថាពរ រីឯ​៤ សំណុំរឿង​ទៀត នឹងត្រូវ​តុលាការ​កំពូល​បើកសវនាកា​រ​ជំនុំជម្រះ​ជា​បន្តបន្ទាប់​នាពេលខាងមុខ​។​

​ជនជាប់ចោទ​ទាំង​៤​រូប​បាន​ឆ្លើយ​បដិសេធ​ដូចៗ​គ្នា​ក្នុង​សវនាការ​តុលាការ​កំពូល​ថា ពួកគេ​ពុំបាន​រៀបចំ​គម្រោង​សម្លាប់​លោក​ចៅក្រម សុក សេដ្ឋា នោះទេ ក្នុងនោះ​លោក ហេង ពៅ បានបញ្ជាក់​ថា​លោក​ពុំបាន​ដឹង​អ្វី​ទាំង​ចំពោះ​សំណុំ​រឿងនេះ​។​

​លោក លី រ៉ាស៊ី បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០០៦ កន្លងទៅ ក្រសួងមហាផ្ទៃ បានប្រកាស​ផ្ទេរ​ការងារ​របស់លោក​ពី​នគរបាល​ក្រុង​ឲ្យ​មក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​បុគ្គលិក​ក្រសួងមហាផ្ទៃ​។ ក្រោយពី​ប្រកា​សបាន ៥​ថ្ងៃ ស្រាប់តែ​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០០៦ សមត្ថកិច្ច​បញ្ជាការ​ឯកភាព​អន្តរក្រសួង និង​នាយកដ្ឋាន​តម្រួត​បទបញ្ជា​ក្រសួងមហាផ្ទៃ​ចាប់ឃុំខ្លួន​លោក​រយៈពេល​៤​ថ្ងៃ​។ រហូតដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០០៦ ទើប​សមត្ថកិច្ច​បញ្ជូន​លោក​មក​តុលាការ​ធ្វើការ​ចោទប្រកាន់​ឃុំខ្លួន​ដាក់ពន្ធនាគារ​តែម្តង​។​

លោក លី រ៉ាស៊ី បាន​បន្តថា នៅពេល​សវនាការ​តុលាការ​ថ្នាក់ក្រោម លោក​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​និយាយ​ពី​ការពិត​នោះទេ ដោយ​ចៅក្រម​ប្រើ​ឆន្ទានុសិទ្ធិ​ហាមឃាត់​គ្រប់ពេល​ចំពោះ​ពាក្យសម្តី​ណា ដែល​លោក​បដិសេធ​នូវ​ការចោទប្រកាន់​ផ្ទុយ​ពី​ការពិត​ពិសេស​សុំ​ឲ្យ​ចៅក្រម​ពិចារណា ឬ ធ្វើការ​ស៊ើបអង្កេត​បន្ថែ​ម​នូវ​ភស្តុ​ង​តាង​តាម​សំណូមពរ​របស់​ជន​ត្រូវ​ចោទ​ទាំងអស់ ហើយ​ការកាត់ក្តី ហាក់បីដូចជា​ទទួលរ​ង​នូវ​គំនាប​ពី​នរណាម្នាក់​មិន​ឲ្យ​លោក​ប្រើ​សិទ្ធិ​ក្នុង​ការជជែក​វែកញែក​រកហេតុ​ផល ខុសត្រូវ​ឲ្យ​សមស្រប​តាមច្បាប់​ទាល់តែសោះ​៕Untitled-1

​លោក ហេង ពៅ ព្រមទាំង​គូកននៅតុលាការកំពូលថ្ងៃទី១តុលា

Untitled-1