អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ រាជ
រដ្ឋាភិបាល ចុះជួយមូលដ្ឋាន ឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុក
កណ្តៀង លោក អេង គន្ធា និងអភិបាលស្រុកក្រគរ លោក លីវ សេងហ៊ីម បានថ្វាយគ្រឿងរណ្ដាប់បូជា និងធ្វើការសែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី ជូនដំណឹងអំពីការត្រៀមបើកការដ្ឋានសាងសង់ទំនប់អាងទឹកអ្នកតាធំ ដើម្បីផ្តល់ជូនប្រជាពល រដ្ឋក្នុងឃុំអន្សាចំបក់ បានប្រើប្រាស់ជាប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ជាពិសេសប្រែក្លាយតំបន់នេះ ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទង។
ពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងការដ្ឋានផ្ទាល់ ដែលស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រុមជាង និងចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នោះផងដែរ។
គួរជម្រាបជូនថា គម្រោងជួសជុលទំនប់អាងទឹកអ្នកតាធំ និងសាងសង់សំណង់សិល្បការ្យនេះ ត្រូវរាជរដ្ឋាភិបាលសម្រេចឱ្យធ្វើការសាងសង់ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម និងអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រោយពេលដែលអាជ្ញាធរដែនដីនៅក្នុងតំបន់ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានស្នើសុំឱ្យក្រសួងជំនាញ ជួយរកដំណោះស្រាយទឹក ជូនគ្រួសារយោធា នៅក្នុងឃុំអន្សាចំបក់។ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស បានចុះសិក្សាវាស់ស្ទង់ ប្រមូលទិន្នន័យ ចងក្រងឯកសារគម្រោង ទៅតាមលក្ខណៈបច្ចេកទេសរួចរាល់ហើយ នឹងឈានដល់ការបើកដំណើរការសាងសង់ ក្នុងពេលឆាប់ៗខាងមុខ។
គម្រោងនេះរួមមាន៖ ជួសជុលទំនប់អាងទឹងអ្នកតាធំ ប្រវែង១ពាន់៥០០ម៉ែត្រ។
សាងសង់សំណង់ទ្វារទឹក លើទំនប់ទ្វារបួន១កន្លែង។សាងសង់សំណង់បង្ហៀរ លើទំនប់ ប្រវែង៩០ម៉ែត្រ១កន្លែង និងសាងសង់សំណង់លូជ្រុង លើទំនប់ ទ្វារមួយ១កន្លែង។
មុនពេលជួសជុលទំនប់អាងទឹកអ្នកតាធំ ប្រជាពលរដ្ឋក្នុងឃុំអន្សាចំបក់ ពិតជាជួបលំបាកខ្វះខាតទឹក សម្រាប់ស្រោចស្រពបន្ថែមនៅដើមរដូវ និងចុងរដូវ កសិផលទទួលបានមិនឆ្លើយតបតាមតម្រូវការ ជាពិសេសមានជនឆ្លៀតឱកាសមកទន្ទ្រានយកដីទំនប់ ធ្វើជាកម្មសិទ្ធិ។
ក្រោយពីការជួសជុលទំនប់អាងទឹក និងសាងសង់សំណង់សិល្បការ្យនេះបានរួចរាល់តាមលក្ខណៈបច្ចេកទេស ប្រជាពលរដ្ឋនឹងទទួលបានទំនប់ស្តុកទឹក សម្រាប់ធ្វើការស្រោចស្រពបន្ថែម នៅដើមរដូវ ចុងរដូវវស្សា និងបន្តទៅរដូវប្រាំង លើផ្ទៃដីបង្កបង្កើនផលកសិកម្ម ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ចំនួន២ពាន់៨៣៩គ្រួសារ ក្នុងនោះដំណាំស្រូវវស្សា ចំនួន១ពាន់៩១៧ហិកតា ដំណាំស្រូវប្រាំង ចំនួន៣៤៣ហិកតា និងដំណាំរួមផ្សំ ចំនួន៥០ហិកតា។ ដោយឡែកខ្នងទំនប់ ជាមធ្យោបាយសម្រាប់ធ្វើដំណើរទំនាក់ទំនងក្នុងមូលដ្ឋានបានល្អប្រសើរ ការពារការទន្ទ្រានយកដីទំនប់ ធ្វើជាកម្មសិទ្ធពីសំណាក់ជនខិលខូច និងជាពិសេសបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញផងដែរ។
ចំពោះគម្រោងជួសជុលទំនប់អាងទឹក និងសាងសង់សំណង់សិល្បការ្យ គឺពុំមានប៉ះពាល់ ដល់សង្គមនឹងបរិស្ថានឡើយ។ពោលគឺមានតែជួយដល់កសិករ នៅក្នុងតំបន់គម្រោង មានទឹកគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងការងារបង្កបង្កើនផលកសិកម្ម និងអភិវឌ្ឍន៍ធនធានធម្មជាតិក្នុងមូលដ្ឋាន។ ផ្ទុយទៅវិញគម្រោងនេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នៅពេលជួបគ្រោះរាំងស្ងួត និងទឹកជំនន់។
សម្រាប់លទ្ធផលរំពឹងទុក ផ្ទៃដីបង្កបង្កើនផលកសិកម្ម ចំនួន១ពាន់៩១៧ហិកតា របស់ប្រជាពលរដ្ឋឃុំអន្សាចំបក់ នឹងទទួលបានពីទំនប់អាងទឹកអ្នកតាធំ មកស្រោចស្រពបន្ថែម យ៉ាងហោចណាស់ ២ ទៅ៣ដង ក្នុងមួយឆ្នាំ, គ្រួសារកសិករ ចំនួន២ពាន់៨៣៩គ្រួសារ ដែលស្ថិតនៅក្នុងតំបន់គម្រោង នឹងទទួលបានកំណើនប្រាក់ចំណូលប្រសើរជាងមុន, បង្កើនការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងមានកំណើនទិន្នផលកសិកម្ម៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/98jQix4_eZI