ភ្នំពេញ៖អភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ឲ្យដឹងតាមរយៈ Facebook Page ផ្លូវការរបស់លោកថា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ វេលាម៉ោង០៧ និង០០នាទីព្រឹកតទៅ គម្រោងស្ពានអាកាសតិចណូ បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវផ្លូវស្ពានអាកាស ក្នុងគោលបំណង ដើម្បីដោះស្រាយសម្រួលការកកស្ទះចរាចរណ៍បណ្តោះអាសន្ន នៅចំណុចការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា ស្ពានអាកាសតិចណូ ត្រូវសម្ពោធបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះរត់បណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើប្រសព្វមហាវិថី គីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង មានបណ្តោយ៣៨២ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដីមានប្រវែង៣៥៦ម៉ែត្រ និងទទឹងពី៦ទៅ៨ម៉ែត្រ។
ស្ពាន អាកាសទី៤ របស់រាជធានីភ្នំពេញនេះ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយតាមគម្រោងនឹងបញ្ចប់ ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ និង ចំណាយថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ បានមកពីគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន OCIC៕