សួនសុបិន្ត កោះច្រែងមានទីតាំង ស្ថិតក្នុងឃុំកោះច្រែង ស្រុកចិត្តបុរី ខេត្តក្រចេះ តំបន់ទេសចរណ៍នេះកំពុងក្លាយគោលដៅទេសចណ៍ថ្មីមួយ ដែលនិងអាចទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តក្នុងខេត្តក្រចេះ,កាន់តែច្រើននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។
អ្នកស្រី សាន ថានី ម្ចាស់សួនសុបិន្តកោះច្រែង បានរៀបរាប់ថា ផ្តើមចេញពីអាជីវកម្មផែនការបែបគ្រួសារ និងការស្រលាញ់បរិស្ថាន អ្នកស្រី និងគ្រួសារ ក៏បានរៀបចំជាហាងកាហ្វេ និងសួនកំសាន្ដនេះឡើង កាលពីដើមឆ្នាំ២០២៥។ដោយមានបម្រើសេវាកម្មម្ហូបអាហារ ជាមួយនឹងកាហ្វេដ៏ឈ្ងុយឆ្ងាញ់ អមទៅដោយសួនផ្កាចម្រុះពណ៌, ស្ពានឆ្លងវាលស្រែមានរាងជាសត្វពស់, និងកន្លែងថតរូបស្អាតៗ អមទៅដោយវាលស្រែចម្ការបៃតងលឿងតាមរដូវកាល។
អ្នកស្រីបានរៀបរាប់បន្តថា ថ្មីៗនេះអ្នកស្រីបានរៀបចំជាអាហារដ្ឋានលើទឹក ស្ពានឆ្លងទឹក, ខ្យុសលើទឹក, អ្នកទេសចរណ៍មកកំសាន្ដ អាចញ៉ាំអាហារគយគន់សម្រស់ធម្មជាតិ អមដោយឆ្នេរខ្សាច់ ស ក្បូស និងទឹកទន្លេថ្លាឆ្វង់នារដូវប្រាំង ពិសេសអ្នកទេសចរណ៍ ក៏អាចជួលសំពៅជិះឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងទៀតបានផងដែរ។
អ្នកស្រី បានបញ្ជាក់ថា ថ្វីត្បិតរមណីយដ្ឋានទេសចរណ៍នេះ មិនទាន់បានចុះបញ្ជីផ្លូវការ ក្នុងមន្ទីរទេសចរណ៍ខេត្តក្តី។ប៉ុន្តែទីតាំងនេះបានក្លាយជាកន្លែងលំហែមួយដ៏ពេញនិយមរួចទៅហើយ ជាពិសេសនៅអំឡុងពេលចុងសប្តាហ៍ និងថ្ងៃបុណ្យទាន។
អ្នកស្រី បានសម្ដែងក្ដីសប្បាយរីករាយជាខ្លាំង បន្ទាប់ពីមានបងប្អូនមកលេងកំសាន្ដច្រើនកុះករ ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល, បុណ្យចូលឆ្នាំចិន និងថ្ងៃបុណ្យសិទ្ធិនារីកន្លងទៅនេះ។ហើយអ្នកស្រីបានសង្ឈឹមយ៉ាងម៉ុតមាំថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ និងមានអ្នកទេសចរណ៍ចូលមកលេងកាន់តែច្រើនបន្ថែមទៀត៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tq3IQ96QXP0