ខេត្តស្វាយរៀង៖ជាច្រើនឆ្នាំមកហើយដែលឈ្មួញរកស៊ីប្រមូលទិញឈើប្រណីតប្រចាំ ខេត្តស្វាយរៀងម្នាក់ឈ្មោះ យី រស់នៅភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ដែលគេស្គាល់ថា ជាមន្ត្រីយោធាវរៈព្រំដែនគោកច្រកសំយ៉ោង បានដំណើរការរកស៊ីយ៉ាងរលូនសូម្បីតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើក្រោម ការគ្រប់គ្រងរបស់លោក គល់ សុវណ្ណ រួមនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀតពុំដែលធ្វើការបង្ក្រាបនោះឡើយ ព្រោះខ្លាចបែកឆ្នាំងបាយ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជារៀងរាល់យប់គេតែងសង្កេតឃើញមានរថយន្តតូចៗប្រភេទកាមរីបាឡែន និងឆ្លាមមិនតិចជាង៧-៨គ្រឿងក្នុងមួយយប់ៗបានធ្វើការដឹកជញ្ជូនឈើ ប្រណីតមកលក់ឲ្យថៅកែ យី ចេញចូលដូចគេហែកឋិនអ៊ីចឹង និងមានឃ្លាំងស្តុកឈើដ៏ធំមួយក្នុងដីឡូត៍ផ្ទះរបស់គាត់ ហើយឈើទាំងនោះបើតាមការអះអាងពីក្រុមឈ្មួញដែលយកមកលក់ឲ្យថៅកែ យី គឺមួយភាគធំដឹកជញ្ជូនមកពីខេត្តពោធិ៍សាត់ និងបាត់ដំបង។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ក្រោយពីប្រមូលទិញរួចឈ្មួញឈើប្រណីតឈ្មោះ យីបានដឹកជញ្ជូនយកទៅលក់ឲ្យឈ្មួញធំនៅប្រទេសវៀតណាមដោយដឹកចេញតាមច្រកព្រំដែនសំយោង ស្ថិតក្នុងស្រុកចន្ទ្រាយ៉ាងរលូន តាមរថយន្តកូរ៉េក្បាលពណ៌ខៀវ និងមានតួពណ៌ត្រាវ ចំណុះ១តោនកន្លះ អត់មានស្លាកលេខ ហើយការចេញដំណើរគឺចាប់ពីម៉ោង៧-៨យប់។
ពាក់ព័ន្ធនឹងករណីជំនួញឈើប្រណីតរបស់ឈ្មួញឈ្មោះយីនេះដែរ លោក គល់ សុវណ្ណ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បែរជាឆ្លើយថា អត់ដែលដឹងមានការជួញដូរឈើប្រណីតនេះទាល់តែសោះ ហើយបញ្ហានេះចាំលោកធ្វើការស្រាវជ្រាវ ធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តស្វាយរៀងនាំគា្នធ្វើការរិះគន់ជាខ្លាំង ទៅលើលោក គល់ សុវណ្ណ ថា អសមត្ថភាពក្នុងដឹកនាំការងារ។
ប្រជាពលរដ្ឋបានរិះគន់ថា ឈ្មួញរកស៊ីឈើប្រណីតប្រចាំខេត្តស្វាយរៀងដ៏ល្បីល្បាញឈ្មោះ យី បានរកស៊ីជាច្រើនឆ្នាំមកហើយ ម្តេចក៏លោក គល់ សុវណ្ណ ឆ្លើយថាអត់ដែលដឹង ឬមួយដឹងដែរ តែធ្វើមិនដឹង? ។ ម្យ៉ាងទៀតគេមិនថា តើការប្រមូលទិញឈើប្រណីតរបស់ថៅកែ យី មានច្បាប់អនុញ្ញាតពីខាងណានោះទេ ទើបធ្វើឲ្យមន្ត្រីរដ្ឋបាលព្រៃឈើរបស់លោក គល់ សុវណ្ណ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀតនាំគ្នាស្ងាត់មាត់ដូចគេចុក ពុំដែលធ្វើការបង្ក្រាបម្តងណាឡើយ ធ្វើឲ្យឈ្មួញរកស៊ីឈើប្រណីតឈ្មោះ យី កាន់តែបានចិត្ត បង្កព្យុះភ្លៀងតាមអំពើចិត្ត។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងខេត្តស្វាយរៀងទាំងមូលចង់ឃើញលោក គល់ សុវណ្ណ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ធ្វើការបង្ក្រាបជំនួញរកស៊ីឈើប្រណីតរបស់ថៅកែ យី ដើម្បីបង្ហាញស្នាដៃដល់ថ្នាក់លើឲ្យឃើញម្តង ព្រោះថា រយៈពេលជាង១ឆ្នាំមកនេះចាប់តាំងពីលោក គល់ សុវណ្ណ ឡើងកាន់តំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើហាក់ដូចជាមានការស្ពឹកស្រពន់ សូម្បីតែជំនួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅវៀតណាម ឆ្លងកាត់ខេត្តស្វាយរៀងគគ្រឹកគគ្រេងរៀងរាល់យប់ ជាពិសេសគឺដឹកកាត់មុខស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើរបស់លោក គល់ សុវណ្ណ តែម្តង ក៏លោកពុំដែលធ្វើការបង្ក្រាបដែរ។
លោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើទូទាំងប្រទេសក៏ដូចជាលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរចាត់វិធានការដាក់ពិន័យតាមច្បាប់រដ្ឋបាលទៅលើមន្ត្រី អសកម្មការងារ និងចូលចិត្តប្រព្រឹត្តអំពើពុករលួយមិនខ្លាចច្បាប់៕ (សូមរង់ចាំអានព័ត៌មានបន្ថែមស្តីពីអំពើពុករលួយក្នុងការជួញដូរឈើប្រណីតនៅស្វាយរៀង)