ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានរិះគន់ចំៗចំពោះក្រុមហ៊ុន លឹម ហេង គ្រុប ដែលគ្រប់គ្រងផ្សារអូរឫស្សីថា ដឹងតែពីយកលុយ មិនគិតគូពីហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់សាធារណៈ ឬហានិភ័យផ្សេងៗឡើយ គិតទាំងខាងលើ ខាងក្រោយ ខាងក្រៅ និងខាងក្នុង គឺអន់ជាងផ្សារនៅតាមទីជនបទទៅទៀត មិនស័ក្តិសមជាទីផ្សារនៅកណ្តាលក្រុងឡើយ។
អភិបាលរាជធានីភ្នំពេញ បានសម្តែងការខកចិត្តយ៉ាងខ្លាំងបែបនេះ ក្នុងពេលដែលលោកអភិបាល អភិបាលរង រួមនិងមន្ត្រីមួយចំនួនទៀត ចុះមកពិនិត្យការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងផ្សារអូរឫស្សី កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកា ដោយមានតំណាងក្រុមហ៊ុនគ្រប់គ្រងផ្សារមួយនេះអមដំណើរទៀតផង ។
លោកអភិបាលក្រុងភ្នំពេញ ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា បើយើងមើលពីសោភណ្ឌភាពនៃផ្សារទាំងមូល គឺមិនសមជាផ្សារនៅកណ្តាលក្រុងទេ វាអន់ជាងផ្សារនៅតាមជនបទទៅទៀត។លោកថា ក្រុមហ៊ុនគិតតែពីយកលុយ មិនគិតពីការអភិវឌ្ឍផ្សារឲ្យសមជាផ្សារនៅកណ្តាលក្រុងសោះ។ លោកក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការកែសម្រួលឡើងវិញ ទាំងការរៀបចំសោភណ្ឌភាព ការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន និងការៀបចំចំណត និងការបង្ការហានិភ័យជាដើម។
គួរបញ្ជាក់ផងដែរថា នៅក្នុងការចុះមកពិនិត្យនេះ មានចំណុច ២ ដែលលោកអភិបាលបានចាប់អារម្មណ៍ខ្លាំង និងតម្រូវឲ្យកែប្រែនោះគឺទី១.ត្រូវរៀបចំទីស្នាក់ការផ្សារឡើងវិញ ដើម្បីងាយស្រួលក្នុងការបំពេញការងារទាំងការថែរក្សាសន្តិសុខ និងការរៀបចំសណ្តាប់ធ្នាប់ជាដើម ព្រោះមានលក្ខណៈតូចចង្អៀតពិបាកធ្វើការ ទី២.ឲ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធសណ្ដាប់ធ្នាប់សាធារណៈ ទាំងខាងលើ ខាងក្រោយ និងខាងក្រៅ ឲ្យបានល្អ ព្រោះបច្ចុប្បន្ននេះ សណ្ដាប់ធ្នាប់មិនទាន់រៀបរយនៅឡើយទេ។
លោកប៉ា សុជាតិវង្ស មានប្រសាសន៍បន្តទៀតថា នៅពេលខាងមុខនេះ ជាទិសដៅរបស់សាលារាជធានីភ្នំពេញ ផ្សារអូរឫស្សី ត្រូវតែធ្វើការកែសម្រួលជាចាំបាច់ ដូច្នេះក្រុមហ៊ុនលឹម ហេង គ្រុប ដែលជាក្រុមហ៊ុនទទួលសិទ្ធិគ្រប់គ្រងផ្សារអូរឫស្សីត្រូវតែគូរប្លង់ ជាថ្មី ហើយយកមកឆ្លងសាលារាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេចជាក្រោយ។ ជាងនេះទៅទៀត សាលារាជធានីភ្នំពេញ នឹងបង្កើតជាអង្គប្រជុំមួយ មុននឹងឈានទៅដល់ការរៀបឧបសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យផ្សារអូរឫស្សី សមជាផ្សារនៅកណ្តាលរាជធានី។
គួរបញ្ជាក់ផងដែរថា ផ្សារអូរឫស្សី ត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន លឹម ហេង គ្រុប រយះពេល ៧០ ឆ្នាំ ចាប់តាំងពីឆ្នាំ២០០០ មកម្ល៉េះ រហូតមកដល់ពេលនេះ ទើបបានរយៈពេលត្រឹមតែ ១៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសំណង់ពិតានជាច្រើនកន្លែងក្នុងទីតាំងផ្សារត្រូវបានពុកផុយជ្រុះស៊ីម៉ង់ដ៍ចេញសរសៃដែកទៅហើយ ធ្វើឲ្យបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលចេញចូលទិញឥវ៉ាន់ក្នុងផ្សារមានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង៕ដោយ៖រដ្ឋា
( រូបថត៖CEN)