ភ្នំពេញ៖មន្ត្រីទទួលបន្ទុកកម្មវិធី Cambodian Idol បានអះអាងថា បេក្ខជន ម៉ៅ ហាជី នឹងប្រឈមផ្លូវច្បាប់បើនៅតែមិនព្រមចូលខ្លួនដោះស្រាយឲ្យបានរួសរាន់។ ភាពចម្រូងចម្រាស់បានក្លាយជារឿងយ៉ាងក្តៅគគុករបស់ផលិតកម្មហង្សមាស ករណីលោក ម៉ៅ ហាជី ទៅចុះកុងត្រាច្រៀងក្នុងផលិតកម្មថោន។
អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មានប្រចាំនៅក្នុងស្ថានីយ៍នេះលោក មាស រិទ្ធី បានថ្លែងជាសាធារណៈថា លោក ម៉ៅ ហាជី នឹងត្រូវប្រឈមផ្លូវច្បាប់បន្ទាប់ពីលួចចុះកុងត្រាដោយមិនសុំការអនុញ្ញាតពីផលិតកម្មហង្សមាស និងពីកម្មវិធី Cambodian Idol ហើយទៅកុងត្រាច្រៀងឲ្យផលិតកម្មផ្សេង។ លោកថា រាល់បេក្ខជនបេក្ខនារីទាំងអស់ឲ្យតែឈានដល់វគ្គ Live Show របស់កម្មវិធី Cambodian Idol សុទ្ធ តែត្រូវជាប់កុងត្រាជាមួយក្រុមហ៊ុន និងជាមួយកម្មវិធីរយៈពេលមួយឆ្នាំដោយស្វ័យប្រវត្តិ ហើយករណីលោក ម៉ៅ ហាជី ដែលឈានដល់៣នាក់ចុងក្រោយ គឺរឹតតែមិនអាចល្មើសពីលក្ខខណ្ឌរបស់កម្មវិធីនេះបានទេ ។
លោក មាស រិទ្ធី បានបញ្ជាក់ថា លោក ម៉ៅ ហាជី បានបិទទូរស័ព្ទបន្ទាប់ពីមានការបែកធ្លាយរឿងចុះកុងត្រាចូលច្រៀងឲ្យផលិតកម្មថោន ហើយត្រូវហង្សមាសប្រតិកម្ម និងទាមទារឲ្យចូលខ្លួនដោះស្រាយ។ លោកមានបន្ថែមថា៖ “លោក ម៉ៅ ហាជី គឺជាបេក្ខជនជាប់ក្នុងចំណោមបេក្ខជនទាំង១២ចុងក្រោយ ដូច្នេះជាស្វ័យប្រវត្តិគឺត្រូវ ជាប់កុងត្រាជាមួយក្រុមហ៊ុនហង្សមាសរយៈពេល១ឆ្នាំ រហូតដល់ចុងឆ្នាំ២០១៦ឯណោះ សូមឲ្យលោក ហាជី ចូលមកដោះស្រាយជាមួយក្រុមហ៊ុនតាមសម្រួល ក្រុមហ៊ុនអត់គៀបសង្កត់ចំពោះបេក្ខជននោះទេ, ហើយសូមឲ្យលោក ហាជី បើកទូរស័ព្ទផង កុំបិទអី ព្រោះមានការទាក់ទងគ្នាដើម្បីដោះស្រាយ”។
លោក អ៊ិន ទីតូ អ្នករៀបចំកម្មវិធី Cambodian Idol បដិសេធផ្ដល់កិច្ចសម្ភាសន៍ពិស្តារជាមួយអ្នកកាសែតនៅពេលមានការជជីកសួរពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែលោក អ៊ឹង សុខលី កូនប្រុសលោក អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស បានឆ្លើយតបថា ការបញ្ជាក់របស់លោក មាស រិទ្ធី មានន័យគ្រប់គ្រាន់មិនចាំបាច់ធ្វើការបកស្រាយបន្ថែមទៀតនោះទេ។
ទោះជាយ៉ាងនេះក្តី លោក មាស រិទ្ធី បានទទូចដោយព្រមានឲ្យ ម៉ៅ ហាជី បង្ហាញខ្លួនដោះស្រាយ និងកុំបិទទូរស័ព្ទគេចចេញពីបញ្ហា ដើម្បីជៀស វាងភាពចម្រូងចម្រាសផ្លូវច្បាប់៕ដោយ៖រដ្ឋា