បាត់ដំបង៖ផ្លូវចំនួន០៦ខ្សែប្រវែង៩១,៨២៥គ.ម នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅចំណុចទំនប់វត្តទួលពង្រ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានគូសបញ្ជាក់ក្នុងរបាយការណ៍ស្វាគមន៍ថា៖ ផ្លូវដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ គឺជាផ្លូវប្រភេទកៅស៊ូ DBST និងផ្លូវក្រាលក្រួសក្រហម ក្នុងនោះរួមមាន៖
ទី១.ផ្លូវដែលអនុវត្តគម្រោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង មានប្រភេទផ្លូវក្រាលកៅស៊ូDBST ចំនួន០៣ខ្សែ ជាផ្លូវខេត្តលេខ១៥៦ BB២ ប្រវែង១៨,៥០០គ.ម , ផ្លូវខេត្តលេខ១៥៤ H១ ប្រវែង ៤,៩០០គ.ម, ជួសជុលផ្លូវជាតិលេខ៥៧ (ជួសជុលជាកំណាត់ៗ)ប្រវែង០៣គ.ម, និងជួសជុលលើកម្រិតចាក់ផ្លូវខេត្ត១៥៤H២ ក្រាលក្រួសក្រហម ប្រវែង ១១,៦០០គ.ម។
ទី២. ផ្លូវដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមជំនួយADB មានចំនួន០២ខ្សែក្នុងនោះផ្លូវខេត្តលេខ១៥៩C ក្រាលកៅស៊ូDBSTប្រវែង ៣៤,៥៧៥គ.ម និងផ្លូវខេត្តលេខ១៥៧០ ក្រាលក្រួសក្រហម ប្រវែង១៨,៧៥០គ.ម ផងដែរ។
លោក ខាន់ ម៉ាណេរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បាន បន្ថែមទៀតថា៖ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលបង្ហាញពី សម្តេចក្រឡាហោម ស ខេង ដែលតែងតែគិតគូរ និងចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន លូ …ក្នុងមុំជាអាទិភាពនៃយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ និងជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចក្រោមពាក្យស្លោក៖ មានផ្លូវ គឺ…មានសង្ឃឹម ។
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីបានថ្លែងក្នុងពិធីសម្ពោធផ្លូវទាំង៦ខ្សែនេះថា វាពិតជាបានឆ្លុះបញ្ចាំងពីការរីកចំរើនរបស់ខេត្តបាត់ដំបង លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ កាលណាយើងមានប្រព័ន្ធគមនាគមន៍ខ្វាត់ខ្វែងនោះ វិស័យផ្សេងៗវានឹងរីកចម្រើនត្រដុំត្រសងគ្នា ធ្វើឲ្យយើងទទួលបាននូវការកាត់បន្ថយភាពក្រីក្រ បានយ៉ាងឆាប់រហ័ស កាត់បន្ថយបានពីគម្លាតរវាងទីក្រុង និងជនបទ សេវាដឹកជញ្ជូនឆាប់រហ័ស និងមានតម្លៃសមរម្យ ព្រមទាំងបំរើឲ្យវិស័យផ្សេងៗជាច្រើនទៀតដូចជាវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ចសង្គម។ល។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានស្នើនិងជំរុញឲ្យមន្ទីរជំនាញត្រូវគិតគូរទៅដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ស្ពាន ឲ្យបានទៅដល់ភូមិទាំងអស់ក្នុងខេត្តផងដែរ…៕ដោយ៖ អ. សំអាន