ប្រជាកសិករម្នាក់ស្លាប់ ២នាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ាស៊ីនច្រូតស្រូវជាន់មីនតោន
បាត់ដំបង៖មនុស្សម្នាក់ស្លាប់ និង២នាក់ទៀត បានរងរបួសធ្ងន់ ក្នុងពេលដែលបើកបរម៉ាស៊ីន ច្រូតកាត់ស្រូវកិនចំគ្រាប់មីនកប់ក្នុងដីស្រែដែលបន្សល់ទុកកាលពីសម័យសង្គ្រាមផ្ទៃក្នុងនៅកម្ពុជា។
គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែបន្តការ គំរាមកំហែងសម្លាប់ជីវិតមនុស្ស និងបង្កការរង គ្រោះថ្នាក់ជាបន្តបន្ទាប់ នៅលើផ្ទៃដីបង្កបង្កើន ផលស្រែចម្ការ របស់អ្នកភូមិ និងបងប្អូន ប្រជាកសិករ ដែលស្ថិតនៅក្នុង ឃុំអំពឹលប្រាំដើម នៃស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឲ្យ មនុស្សម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ធ្ងន់ នៅក្នុងហេតុការណ៍បើកម៉ាស៊ីនច្រូតស្រូវជាន់មីនខណៈប្រជាកសិករនាំគ្នាប្រើប្រាស់នូវម៉ាស៊ីន ច្រូតស្រូវធ្វើការប្រមែប្រមូលទិន្នផល និងកសិផលស្រូវរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រឹកម្សឹលម៉ិញនេះ ។
សមត្ថកិច្ច និងសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើត ឡើងនៅព្រឹកម៉ោង ៩:៤០នាទី ថ្ងៃខែឆ្នាំខាងលើស្ថិតនៅភូមិសៀម (ចំណុចទួល ធ្នង់) ក្នុងភូមិសាស្ត្រ ឃុំអំពឹលប្រាំដើម ស្រុកបវេល ដោយសារ តែម៉ាស៊ីនច្រូតកាត់ ប្រមូលផលស្រូវបើកទៅជាន់មីនតោន ដែលកប់ក្នុងស្រែក្នុងសម័យសង្គ្រោមកន្លងមក។
ជនរងគ្រោះរហូតដល់បាត់បង់ជីវិត ខណៈបញ្ជូនមកកាន់មន្ទីរពេទ្យនៅឯខេត្តបាត់ដំបង គឺ៖ ជនរងគ្រោះ ឈ្មោះ ឃឹម សីហា ភេទ ប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ នៅភូមិព្រៃទទឺង ឃុំបវេល ស្រុកបវេល។ ចំណែក ជនរងគ្រោះធ្ងន់២នាក់ទៀត មាន៖ ១.ឈ្មោះ ដួល នួន (ប្រុស) អាយុ៣២ឆ្នាំ, ម្នាក់ទៀតឈ្មោះ វ៉ៃ សារួន (ប្រុស) អាយុ២៧ឆ្នាំ។ ទាំង២នាក់នេះ មានទីលំនៅរស់នៅក្នុង ភូមិ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ សាកសព ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយក ទៅធ្វើ បុណ្យតាមប្រពៃណី ដោយឡែកជនរងគ្រោះ ទាំង២នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យ ( អ៊ីមើយិនស៊ី) Emergency ខេត្ត បាត់ដំបង៕ ដោយ៖ ប៉ែន សុផល