ភ្នំពេញ៖នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនារសៀលថ្ងៃនេះ លោក កឹម សុខា អនុប្រធានបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងរកមធ្យោបាយជួបគណបក្សកាន់អំណាចឆាប់ៗ ដើម្បីដោះស្រាយនយោបាយកំពុងជាប់គាំង ជាពិសេសករណី លោក សម រង្ស៊ី និងការឯកភាពជាតិ។
លោក កឹម សុខា អះអាងនៅពេលលោកត្រឡប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី២៤ វិច្ឆិកា នេះថា ជំនួបនោះនឹងធ្វើយ៉ាងណាដើម្បីរកច្រកចេញ គឺរកលទ្ធភាពដើម្បីឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានវិលចូលស្រុកវិញឆាប់ៗ បន្ទាប់ពីតុលាការចេញដីកាចាប់ខ្លួនជុំវិញបទបរិហារកេរ្តិ៍កាលពី ជាង ៧ឆ្នាំមុន។លោកក៏បានអំពាវនាវឱ្យខ្មែរឯកភាពជាតិដើម្បីបម្រើប្រទេសជាតិដោយភាពស្មោះត្រង់នឺងគ្នាទើបសង្គមជាតិមានយុត្តិធម៌។
ក្នុងដំណើរវិលត្រឡប់នេះ ក៏មានការអមដំណើរដោយតំណាងរាស្ត្របក្សប្រឆាំង២រូបទៀតដែលចេញពីមន្ទីរពេទ្យព្យាបាលរបួសដោយហិង្សានៅក្បែរមន្ទីររដ្ឋសភានាពេលកន្លមកគឺលោក ញ៉យ ចំរើន និងលោក គង់ សភា ។
គួររំឭកថា លោក កឹម សុខា បានចាកចេញពីប្រទេសជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិទៅកាន់ប្រទេស៣នៅអាស៊ីគឺប្រទេសម៉ុងហ្គោលី ជប៉ុន និងកូរ៉េខាងត្បូង។ ការធ្វើដំណើររបស់មេដឹកនាំបក្សប្រឆាំងទាំង២នេះមានការ កត់សម្គាល់ថាគឺដើម្បីស្វែងរកជំនួយផ្លូវចិត្តពីបរទេសករណីនយោបាយនៅកម្ពុជា។ ប៉ុន្តែចំពេលដែល លោក សម រង្ស៊ី ត្រូវតុលាការចេញដីកាចាប់ខ្លួនករណីបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាដែលប្រធានគណបក្សប្រឆាំងនេះចោទថាជាមេគុកបឹងត្របែកនៃរបបខ្មែរក្រហម ។
លោកអនុប្រធានគណបក្សប្រឆាំងធំនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកមើលឃើញថាដើម្បីឱ្យស្ថានការណ៍នេះវិលមករកភាពប្រក្រតីវិញលុះត្រាតែអ្នកនយោបាយ ខ្មែរជាពិសេសគណបក្សធំ២បង្ហាញឆន្ទៈដូចគ្នាគឺ ស្មោះត្រង់នឹងជាតិឯកភាពជាតិទើបប្រជាជនមានសន្តិភាព។ លោកអះអាងថានឹងស្នើជួបមេដឹកនាំ គណបក្សកាន់អំណាចដើម្បីរកការយល់ចិត្តគ្នាឡើងវិញករណីហិង្សានយោបាយដែលកើតមានមកនេះ។
នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គេឃើញមានអ្នកគាំទ្រមានចំនួន តិចតួចប៉ុណ្ណោះ មកទទួលដំណើរវិលត្រឡប់លោក កឹម សុខា ៕ដោយ៖ខេមរា
លោក កឹម សុខា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥