ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ក្នុងស្រុកថ្មពួក និងសម្ភារៈសាងសង់បង្គន់គ្រួសារចំនួន៦០គ្រួសារ ក្នុងស្រុកអូរជ្រៅ ត្រូវបានឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញចុះបើកការដ្ឋានសាងសង់ឱ្យដំណើរការជាផ្លូវការជូនដល់ប្រជាពលរដ្ឋ ។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោក ជា យុទ្ធារុណ បានមានប្រសាសន៍ឲ្យដឹងថា ទីតាំងបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកតាម
បណ្តាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក នេះគឹជាថវិកាជាតិក្នុងផែនការឆ្នាំ២០២៥។ហើយប្រព័ន្ធនេះសាងសង់ក្នុងរយៈពេល៣ខែគិតចាប់ពីថ្ងៃទី១៧ ខែមិថុនា២០២៥ ដែលមានអ្នកទទួលផល នៅក្នុង ភូមិថ្មី មានផ្ទះខ្នង៣៩៣ មាន៥៤១គ្រួសារ និងគិតជាមនុស្សមាន១ពាន់៧៥១នាក់។
សម្រាប់ការសាងសង់បង្គន់អនាម័យតាមគ្រួសារចំនួន៦០គ្រួសារ នៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅដែលមានសម្ភារៈដូចជា៖លូមុខកាត់១ម៉ែត្រ កម្ពស់កន្លះម៉ែត្រ៣កង់, ជើងទម្រសម្រាប់ឲ្យលាមកហូរ១គ្រឿង,ចានព័រសឺឡែន១គ្រឿង,ផែនបិតការ៉ូ១គ្រឿង,គម្របលូស្តុប១គ្រឿង,បំពង់បង្ហូរប្រវែង១ម៉ែត្រកន្លះ១ដើម,បំពង់បង្ហុយ១ដើម,ធុងទឹកជ័រ១,ស៊ីម៉ង់ត៍១០គីឡូនិងឥដ្ឋតាន់៦០ដុំ,ស័ង្កសីបណ្ដោយ២ម៉ែត្រ ៧តឹក១០សន្លឹក និងបង្គន់អនាម័យ៦០បង្គន់។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍លើកឡើងថា៖ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកបណ្តាញបំពង់ខ្នាតតូចសហគមន៍ និងការផ្តល់សម្ភារៈសាងសង់បង្គន់គ្រួសារចំនួន៦០គ្រួសារ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅនេះប្រើប្រាស់ថវិការាជរដ្ឋាភិបាលទាំងស្រុង។ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជាប់លាប់ក្នុងការអនុវត្តការងារ បង្កើតគណៈកម្មការគ្រប់គ្រង ប្រព័ន្ធទឹក ក៏ដូចជាការសាងសង់បង្គន់អនាម័យ និងពិភាក្សាគ្នាជាមួយប្រជាពលរដ្ឋអំពីតម្លៃនៃការប្រើប្រាស់ ដើម្បីឱ្យមានដំណើរការប្រកប ដោយនិរន្តរភាព និងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋថែរក្សាសមិទ្ធផលផ្សេងៗដែលរាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានគង់វង្សប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តម ភួង សោភា បានមានប្រសាសន៍ដោយបញ្ជាក់ថា៖ បច្ចុប្បន្ននេះដោយ សារមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមប្រជាពលរដ្ឋទាំងអស់ ផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងផ្តល់កម្លាំងចិត្តដល់កម្លាំងវីរៈកងទ័ពជួរមុខការពារ ព្រំដែនការពារ បូរណភាពទឹកដីយើងផង៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/j7zf-2y2UkQ











