ភ្នំពេញ៖ លោក ជា ចំរើន អតីតសមាជិករដ្ឋសភា និងជាអតីតសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា នេះ បានប្រកាសក្នុងសន្និសីទកាសែត នៅសណ្ឋាគារ សាន់វេ ក្នុងរាជធានីភ្នំពេញថាលោកនឹងបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា “គណបក្ស កម្ពុជាសេរីភាព”។
ការប្រកាសបង្កើតគណបក្សថ្មីនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការយល់ព្រមឲ្យលោក ជា ចំរើន បានលាលែងពីសមាជិកភាពគណបក្សប្រជាជនកម្ពុជា និងលាលែងពីតំណែងជាទីប្រឹក្សារដ្ឋសភា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ។
កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ជា ចំរើន អតីតសមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសរសេរលិខិត ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជា។
លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាបានចេញលិខិតយល់ព្រមតាមការស្នើសុំរបស់លោក ជា ចំរើន ក្នុងការលាលែងពីសមាជិកគណបក្ស។ លិខិតនោះ បានធ្វើឡើង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ និងត្រូវបានលោកជាចំរើន យកមកបង្ហោះតាមហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា។
លោក ជា ចំរើន បានសរសេរលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២១វិច្ឆិកាថា “គណបក្សប្រជាជន សម្រេចយល់ព្រម ឲ្យខ្ញុំបាទលាឈប់ ពីសមាជិកគណបក្សប្រជាជន។ ពេលនេះ ខ្ញុំមានសេរីភាពធ្វើកិច្ចការតាមឆន្ទ:ខ្លួនឯង”។
ក្នុងពេលដាក់ពាក្យស្នើសុំលាឈប់ ពីសមាជិកគណបក្សប្រជាជនកម្ពុជា លោក ជាចំរើន ក៏បានដាក់លិខិតមួយផ្សេងទៀត ជូនសម្តេចហេងសំរិន ប្រធានរដ្ឋសភា ដើម្បីលាលែងពីតំណែងទីប្រឹក្សារដ្ឋសភា ផងដែរ។
លោក ជា ចំរើន ថ្លែងថា៖ “បក្សមានយុត្តិធម៌ចំពោះខ្ញុំ ប៉ុន្តែសង្គមនយោបាយដែលមានការចាត់តាំងពីបក្សផ្តល់អយុត្តិធម៌ឱ្យខ្ញុំ។ ឧទាហរណ៍នៅក្នុងប្រព័ន្ធតុលាការលោក ខ្ញុំឱ្យគេខ្ចីមានទាំងមេធាវី មានទាំងសាក្សី គេថាអាហ្នឹងមិនមែនជាឯកសារពិតប្រាកដទេ ឯកសារពិតប្រាកដគឺមាត់គាត់និយាយទៅកាន់តុលាការ តុលាការធ្វើសាលក្រមឱ្យគាត់ តាមគាត់និយាយមិនមែនតាមឯកសារទេ។ ខ្ញុំឈប់ដោយខ្លួនឯងតែម្តង ដោយសារកាលពីថ្ងៃទី១៧ និង ១៨ ខ្ញុំលាឈប់ ថ្ងៃ ១៧ ព្រោះខ្ញុំរងភាពអយុត្តិធម៌មួយ។
លោកបន្ថែមថា៖ “ជារបត់នយោបាយមួយដែលឲ្យអ្នកផ្សេងទៀតមើលឃើញដែរ ទោះបីជារូបភាពចាកចេញរបស់លោកមិនធ្វើឲ្យកក្រើកមែន តែរូបភាពមួយល្អដែរក្នុងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយវាអាចគេចផុតពីគំនាបគណបក្សនយោបាយណាមួយបាន…បើសិនជាលោកទៅ ធ្វើសម្មភាពនយោបាយដោយសុវត្ថិភាព”។
លោកថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថា គោលដៅទី១ ដែលធ្វើឱ្យសម្រេចចិត្តចាកចេញពីបក្សប្រជាជនកម្ពុជា ដោយសារលោក ទទួលរងភាពអយុត្តិធម៌ពីប្រព័ន្ធតុលាការ។ លោកបន្តថា ការបង្កើតគណបក្សថ្មីនេះ ក៏ដើម្បីស្វែងរកយុត្តិធម៌ជូនសង្គម និងពង្រឹងការអប់រំលទ្ធិប្រជាធិបតេយ្យដល់ពលរដ្ឋខ្មែរ។ការបង្កើតគណបក្សថ្មីនេះ លោកពុំមានបំណងទៅបំបែកសំឡេងគណបក្សសង្គ្រោះជាតិ ឬគណបក្សកាន់អំណាចទេ តែដើម្បីរកភាពយុត្តិធម៌ក្នុងសង្គម និងការអប់រំលទ្ធិប្រជាធិបតេយ្យ។ តែនៅពេលអ្នកសារព័ត៌មានសួរថា បើពុំមានបំណងទៅបំបែកសំឡេងបក្សណាមួយនោះទេ ហេតុអ្វីក៏លោកមិនចូលរួមជាមួយ បក្សប្រឆាំង។ លោកបានឆ្លើយថា មិនអាចចូលបានទេ ពីព្រោះលោកមានគោលនយោបាយផ្សេងពីគ្នា។
ថ្លែងនៅក្នុងសន្និសីទកាសែតនោះដែរលោក ជា ចំរើន បានបញ្ជាក់ថា “ខ្ញុំនឹងបង្កើតគណបក្ស១ មានឈ្មោះថា គណបក្ស កម្ពុជាសេរីភាព មានសមាជិកខ្លះមកពីបក្ស CPP និងខ្លះទៀតមកពីCNRP ចូលរួម”៕ដោយ៖ខេមរា