ថ្លើម គឺជាសរីរាង្គសំខាន់មួយក្នុងរាងកាយរបស់មនុស្ស បើអ្នកមានជំងឺថ្លើម ដំបូងអ្នកត្រូវដឹងថាតើអាហារប្រភេទណា ដែលអាចជួយឱ្យថ្លើមចៀសផុតពីការកើនឡើងជាតិពុល ឬជាតិខ្លាញ់ ដែលតែងតែធ្វើឱ្យថ្លើមឈឺ។ មូលហេតុដែលអាចបណ្ដាលឱ្យថ្លើម មានបញ្ហា មានដូចជា៖
១. មិនពិសាអាហារពេលព្រឹក៖ នៅពេលអ្នកក្រោកពីគេងថាមពលបម្រង់នៃជាតិគ្លុយកូសមានការថយចុះដែល ប៉ះពាល់ដល់ថ្លើម និងរារាំងវាពីការទទួលយកថាមពល ដើម្បីបំពេញនូវមុខងារសំខាន់ៗរបស់វា។ មនុស្សភាគច្រើនមិនពិសាអាហារពេលព្រឹកដើម្បីសម្រកទម្ងន់ ឬដោយសារពួកគាត់ប្រញាប់ប្រញាល់។ ដូច្នេះ កុំបំភ្លេចចោលនូវផ្នែកដ៏សំខាន់ នៃសារធាតុចិញ្ចឹម ដែលមានសារៈសំខាន់សម្រាប់រាងកាយ ថ្លើម និងខួរក្បាលរបស់អ្នក ព្រោះរាងកាយត្រូវការថាមពលដ៏សំខាន់នេះ ដើម្បីចាប់ផ្ដើមថ្ងៃថ្មី។
២. ការពិសាគ្រឿងស្រវឹង៖ គ្រឿងស្រវឹង បង្កគ្រោះថ្នាក់ដល់ថ្លើមរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ព្រោះគ្រឿងស្រវឹងធ្វើការបំផ្លាញដល់ថ្លើម និងរារាំងវាពីការបំពេញមុខងារមូលដ្ឋាន ព្រមទាំងបំផ្លាញនូវតុល្យភាពគីមីរបស់វា បំផ្លាញកោសិកាថ្លើម និងបណ្ដាលឱ្យខ្លាញ់រុំថ្លើម កើតជំងឺថ្លើម និងជំងឺក្រិនថ្លើម។ល។
៣. មិនបន្ទោរបង់ទឹកមូត្រនាពេលព្រឹក៖ មនុស្សមួយចំនួនដែលភ្ញាក់ពីគេងយ៉ាងប្រញាប់ប្រញាល់ ហើយធ្វើដំណើរចេញពីផ្ទះដោយគិតថាគាត់នឹងទៅពិសាអាហារពេលព្រឹក នៅកន្លែងធ្វើការ ហើយនៅពេលពួកគាត់ធ្វើដំណើរដល់កន្លែងធ្វើការ ពួកគាត់តែងទៅបន្ទប់ទឹកដើម្បីសម្រួលដល់ចលនាពោះវៀនឱ្យស្រួលទៅវិញ។ ការទប់មិនបន្ទោរបង់ទឹកមូត្រមិនត្រឹមតែធ្វើឱ្យថ្លើមរបស់អ្នកខូច ប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់តម្រងនោមរបស់អ្នកថែមទៀត ដូច្នេះសូមចៀសវាងនូវចំណុចនេះ។
៤. ចំណីអាហារមិនល្អ៖ មនុស្សមួយចំនួនដែលចូលចិត្តទៅពិសាអាហារទាន់ចិត្ដ(Fast Food)ដោយសារតែមើលទៅគួរឱ្យចង់ពិសា និងសន្សំពេលវេលាផងដែរ។ ប៉ុន្ដែការពិសាអាហារដូច្នេះក្នុងរយៈពេលយូរ សុខភាពរបស់អ្នកនឹងចុះខ្សោយមិនខាន ពោលគឺកើតជំងឺតែម្ដង។ ថ្លើមគឺជាសរីរាង្គមួយ ដែលងាយនឹងរងនូវការប៉ះពាល់ដោយចំណីអាហារមិនល្អ ជាប្រភេទអាហារដែលរួមបញ្ចូលគ្នានូវសូដ្យូម កាល់ឡូរី ស្ករ និងអំបិល។ អាហារទាំងនេះធ្វើឱ្យកើនឡើងសម្ពាធឈាម កូឡេស្ដេរ៉ូល និងខ្លាញ់រុំព័ទ្ធថ្លើមជាដើម។
៥. កូឡេស្តេរ៉ូលខ្ពស់៖ កូឡេស្ដេរ៉ូលគឺជាខ្លាញ់មួយប្រភេទ ដែលត្រូវបានសំយោគដោយថ្លើម ហើយរាងកាយរបស់អ្នកប្រើវាជាថាមពលសម្រាប់កោសិកាជាច្រើននៅក្នុង រាងកាយរបស់អ្នក។ ប៉ុន្ដែ វាគួរតែមានតុល្យភាពពីព្រោះកូឡេស្ដេរ៉ូល ដែលមិនត្រូវបានប្រើគួរត្រូវកាត់បន្ថយ ហើយថ្លើមគឺជាសរីរាង្គមួយដែលទទួលយកអ្វីដែលសល់ពីការប្រើរបស់ រាងកាយ។ ការទទួលយកនូវអ្វីដែលសេសសល់ដែលលើសពីអ្វីដែលរំពឹងទុករបស់ថ្លើមនេះ នៅចុងបញ្ចប់នឹងបណ្ដាលឱ្យអ្នកកើតជំងឺថ្លើមមិនខាន តួយ៉ាងគឺជំងឺថ្លើមកើតពីជាតិខ្លាញ់។ ដូច្នេះអ្នកគួរចៀសវាងការពិសាសាច់ក្រហម អាហារសម្បូរខ្លាញ់ សម្បូរស្ករ ស៊ុតចំណែកស អាហារប្រៃខ្លាំង ហើយប្ដូរមកពិសាបន្លែ អាហារសម្បូរកាកសរសៃ និងធញ្ញជាតិវិញ។
៦. ចូលគេងយឺត និងក្រោកពីគេងយឺត៖ តាមពិតថ្លើមរបស់អ្នកត្រូវបានរចនាឡើងដើម្បីបំពេញមុខងារដ៏សំខាន់ ដូច្នេះខណៈពេលណាមួយនាពេលរាត្រីវាអនុវត្ដនូវដំណើរការបណ្ដេញជាតិពុល ជាដំបូង។ នៅវេលាម៉ោង ១២ និងម៉ោងពីររំលងអាធ្រាត ថ្លើមមានដំណើរការបណ្ដេញជាតិពុលម្ដងទៀត។ វាគឺជាដំណើរការដែលត្រូវបានអនុវត្ដជាប្រក្រតីនៅពេលអ្នកគេងលង់លក់ ។ ប្រសិនបើអ្នកមិនធ្វើតាមដំណើរការធម្មជាតិនៅក្នុងរាងកាយរបស់អ្នក ជារឿយៗ អ្នកនឹងទទួលរងនូវឥទ្ធិពលមិនល្អជាមិនខាន។ ដូច្នេះសូមព្យាយាមគេងឱ្យត្រឹមត្រូវតាមពេលវេលា៕