សាលាឧទ្ធរណ៍​​បើកសវនាការ​សំណុំ រឿង​លោក ហុង សុខ​ហួរ នៅ​ថ្ងៃទី​៣០ ​វិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​សាលាឧទ្ធរណ៍​ប្រកាស​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ក្ដី​អតីត​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា សប្ដាហ៍​ក្រោយនេះ បន្ទាប់ពី​បាន​ឃុំខ្លួន​ជាង​៣ ខែ ក្រោម​បទ​ចោទ​ករណី​បង្ហោះ​ផ្សាយ​ឯកសារ​ក្លែង​ទាក់ទិន​សិទ្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀត ណា​ម ឆ្នាំ​១៩៧៩​។​

តាម​សេចក្ដីជូនដំណឹង​របស់​ក្រឡាបញ្ជី ឡឹ​ក ចាន់​ពន្លឺ និង​ព្រះរាជអាជ្ញា យិន សុគន្ធា​រី ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា បាន​ប្រា​ប់លោក ជួង ជូ​ងី មេធាវី​ការពារ​ជនជាប់ចោទ​លោក ហុង សុខ​ហួរ ពី​ការបើក​សវនាការ​រប​ស់​សាលាឧទ្ធរណ៍​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា វេលា​ម៉ោង ៨​ព្រឹក​។​សវនាការ​នឹង​ជំនុំជម្រះ​រឿង​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញុង​បង្កឱ្យមាន​ភាព​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

លោក​មេធាវី ជួង ជូ​ងី បាន​បញ្ជាក់ថា លោក​បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សាលក្រម​របស់​សាលាដំបូង ហើយ​លោក​នឹង​ឡើង​បំភ្លឺ​ករណីនេះ​ក្នុង​សវនាការ​របស់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ខាងមុខ​។​

សូម​រំឭកថា លោក ហុង សុខ​ហូរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​សមត្ថកិច្ច​រក​ឃើញថា លោក ហុង សុខ​ហូរ បាន​បកស្រាយ​ក្លែង​ពី​សិទ្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ក្នុងសម័យ​ប្រជាមានិត​កម្ពុជា ដែល​កាលណោះ​លោក ហេង សំរិន ជា​ប្រមុខរដ្ឋ​។​

ក្នុង​សំនុំរឿង​របស់លោក ហុង សុខ​ហួរ នេះដែរ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវបាន​សាលាដំបូង​ចេញ​ដីកា​ឱ្យចូល​ខ្លួន​មក​បំភ្លឺ​ទាក់ទិន​សំណុំ​រឿងក្តី​ជាមួយ​លោក ហុង សុខ​ហួរ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ​៕​ដោ​យ៖​រដ្ឋា​