ភ្នំពេញ៖យុវជនម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយសារតែត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងបើកក្នុងល្បឿនលឿនវ៉ារថយន្ត២គ្រឿងទៀត បានជ្រុលបុកម៉ូតូជនរងគ្រោះដែលជិះគ្នា៣នាក់ បញ្ច្រាស់ទិសគ្នាពេញទំហឹង ប៉ើងអូសប្រមាណជាង១០ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩នឹង៤៥នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះសំណាក់. កេសីវល្ខ័ក តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ភិន រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ចំណែកម្ចាស់រថយន្តបង្កមានឈ្មោះ ឈិត ដារ៉េត អាយុ២៦ឆ្នាំ មានមុខរបរជាអ្នកបើករថយន្តអោយក្រុមហ៊ុនដេលី មានស្រុកកំណើតក្នុងភូមិបឹងជន្លេន ឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿង ម៉ាក FORTUNER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z6740បើកបរដោយបុរសដូចមានឈ្មោះខាងលើ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិចហើយបានវ៉ារថយន្ត២គ្រឿងទៀតនៅខាងឆ្វេងដៃ ក៏បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BU8700 ជិះដោយមនុស្សប្រុសស្រី៣នាក់ដែលជិះបញ្ច្រាស់ទិសគ្នាពេញទំហឹង ប៉ើងខ្ទាតប្រមាណជាង១០ម៉ែត្របណ្តាលអោយយុវជនម្នាក់បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ ទំនងជាត្រូវបាក់ដៃ បាក់ជើង ហើយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូបានរងការខូចខាតយ៉ាងដំណំរីឯរថយន្តដាច់កាឡេកង់មុខខាងឆ្វេងទៅមុខលែងរួច។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយកម៉ូតូ ព្រមទាំងរថយន្តជាមួយនឹងអ្នកបើកបរទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសពយុវជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖រដ្ឋា