ចុងផ្លូវ “បឹងធំ” បានក្លាយជាទីកំសាន្តសម្រាប់បងប្អូនប្រជាពលរដ្ឋ នាពេលរសៀល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2025 ក+ ក-

“ចុងទំនប់ឬផ្លូវបឹងធំ” បានក្លាយទៅជាទីកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជាបងប្អូនមកពីបណ្ដាលស្រុកនានា បន្ទាប់ពីផ្លូវនេះបានកសាងធ្វើជាផ្លូវបេតុងបំពាក់ដោយអំពូលភ្លើងសឡា ទៅកាន់ស្ថានីយចម្រោះទឹកកខ្វក់ក្នុងក្រុងកំពង់ឆ្នាំងនាពេលថ្មីៗនេះ ។ ផ្លូវនេះស្ថិតនៅក្នុងចន្លោះភូមិចំនួន២គឺភូមិកណ្ដាល និង ភូមិដំណាក់ពពូល ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ជារៀងរាល់ល្ងាចគេតែងឃើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ពិសេសយុវវ័យ បាននាំគ្នាទៅអង្គុយលេង កម្សាន្តដោយក្រាលកន្ទេលឬខ្លះមានកៅអីអង្គុយ យកខ្យល់អាកាស និងពិសារចំណីអាហារ ពិសារភេសជ្ជៈ ក៏ដូចជាឲ្យកូនៗរត់លេងកំសាន្ត និងខ្លះទៀតដើរហាត់ប្រាណផងដែរ។

យុវជនឈ្មោះ សួស សៀង អាយុ ២៤ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថា ការដែលគាត់ចូលចិត្តមកលេងនៅទីនេះគឺដោយសារនៅទីនេះមាន ខ្យល់អាកាស បរិសុទ្ឋ មានទេសភាពស្រស់ស្អាតមើលទៅម្ខាងឃើញភ្នំកង្រី ដែលនៅមិនឆ្ងាយប៉ុន្មានពេលខែវស្សា ពេលទឹកទន្លេឡើងខ្ពស់ ម្ខាងទៀតឃើញវត្តទួលអំពិលដែលនៅដាច់ស្រយាង និងងាកមកខាងក្រោយខ្នងក៏ឃើញក្រុងកំពង់ឆ្នាំងសំបូរទៅដោយសំណង់រីកលូតលាស់ដូចផ្សិត យ៉ាងច្រើន បើពេលយប់វិញឃើញភ្លើងព្រោងព្រៀត មិនចាញ់ទីក្រុងធំៗឡើយ។

ក្រៅពីខ្យល់អាកាសបរិសុទ្ធ ដែលពេលខ្លះស្ទើរតែរងា គឺ នៅមានផ្លូវក្រាលបេតុង យ៉ាងស្រស់ស្អាត ចាប់ពីផ្លូវជាតិលេខ ៥ រហូតចូលទៅដល់ស្ថានីចម្រោះទឹកកខ្វក់ មានប្រវែងប្រមាណ ៣គីឡូម៉ែត្រ អមសងខាងផ្លូវដោយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងខាងចុងនៃផ្លូវអមដោយទឹកទន្លេពេលរដូវវស្សា បន្ថែមពីលើនេះនៅពេលល្ងាចរៀបអស្តង្គត ព្រះសូរិយាបានបញ្ចេញ សោភណ្ឌភាពកាន់តែស្រស់ស្អាត លម្អដោយភ្លើងសឡាដាំសងខាងផ្លូវបំភ្លឺក្នុងពេលរាត្រី ពិតជាស្អាតមិនអាចគណនា ។

បងស្រី សុខ មុំ ដែលកំពុងលក់ពងទាកូន លក់ប្រហិតបំពង និងភេសជ្ជៈគ្រប់មុខ ក៏បានបញ្ជាក់ដែរថាបន្ទាប់ពីមានផ្លូវយ៉ាងស្អាតសម្បូរភ្ញៀវទេសចរណ៍មកលេងគាត់បានចាប់ប្រកបមុខរបរលក់ដូរនេះ អាចដោះស្រាយជីវភាពប្រសើរដែរ លើកលែងតែពេលខ្លះមេឃភ្លៀងខ្លាំងមិនអាចលក់ដូរបានប៉ុណ្ណោះ។

សូមរំលឹកថាផ្លូវបឹងធំ កាលដើមឡើយជាផ្លូវលិចទឹកយ៉ាងលំបាកក្នុងការធ្វើដំណើរប្រជាពលរដ្ឋរស់នៅក្នុងភូមិ មានការត្អូញត្អែលជាខ្លាំង។

ប៉ុន្តែក្រោយពីអាជ្ញាធរខេត្តកំពង់ឆ្នាំង បានអនុវត្តកសាងស្ថានីយចម្រោះទឹកកខ្វក់ នៅចំណុចបឹងធំរួចមកក៏បានអភិវឌ្ឍកសាងផ្លូវចូលដោយធ្វើពីបេតុងនិងបំពាក់អំពូលភ្លើងសឡា ព្រមទាំងមានប្រព័ន្ធលូបង្ហូរទឹកយ៉ាងត្រឹមត្រូវសម្រាប់នាំទឹកកខ្វក់ចេញពីក្រុងកំពង់ឆ្នាំង ទៅស្ថានីយ៍ចម្រោះទឹកឱ្យស្អាតមុននឹងទម្លាក់ចូលទន្លេ ដើម្បីបរិដ្ឋានស្អាត ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wxPXCwQ-ras