ប្រព័ន្ធធារាសាស្រ្តស្រុកបរិបូណ៌ បានជួយស្រោចស្រពផ្ទៃដីស្រែរាប់ម៉ឺនហិចតា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2025 ក+ ក-

លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រលំហាច និងប្រព័ន្ធធារាសាស្ត្រអាចាង ក្នុងខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រទាំងពីរនេះស្ថិតក្នុងស្រុកបរិបូណ៌ ដែលក្នុងនោះប្រព័ន្ធធារាសាស្រ្តលំហាចមានសក្ដានុ ពលបម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៥១៨៣ហិកតា ស្រូវប្រាំងចំនួន ១៥៥៥ហិកតា និងដំណាំរួមផ្សំផ្សេងៗទៀត គ្របដណ្តប់លើបណ្តាឃុំចំនួន៤ នៃស្រុកបរិបូណ៌។

ចំណែកប្រព័ន្ធធារាសាស្រ្តអាចាង មានសក្ដានុពលបម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រពផ្ទៃដីស្រូវ វស្សាចំនួន ១០៣០០ហិកតា ស្រូវប្រាំងចំនួន ៥១៥០ហិកតា និងដំណាំរួមផ្សំផ្សេងៗទៀតបាន ៣ដងក្នុងមួយឆ្នាំ គ្របដណ្តប់លើបណ្តាឃុំចំនួន១០ នៃស្រុកបរិបូណ៌។

លោកប្រធាននាយកដ្ឋាន បានកោតសរសើរដល់ដល់ក្រុមការងារប្រចាំការនៅតាមប្រព័ន្ធនីមួយៗ ដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវលើការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យមានដំណើរការល្អ បម្រើឱ្យការផ្គត់ផ្គង់ទឹកស្រោចស្រពស្រែរបស់បងប្អូនប្រជាកសិករ ក៏ដូចជាជួយដោះទឹកពេលមានជំនន់កើតឡើងម្តងៗ។

លោក បានណែនាំដល់ក្រុមការងារឱ្យបន្តការយកចិត្តទុកដាក់ក្នុងការជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រ ជាពិសេសនៅចំណុចកន្លែងទ្វារទឹកទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការបិទបើកទ្វារទឹក ដោយ សារមួយរយៈនេះមានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមឱ្យមានអ្នកប្រចាំការជាប្រចាំនៅទ្វារទឹកសម្រាប់កិច្ចដំណើរការគ្រប់គ្រងទឹក ដើម្បីកាត់បន្ថយហានិភ័យដែលកើតឡើងដោយជំនន់ទឹកភ្លៀង ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jVKJ3BBae6U