ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃគិតពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ក្នុងឱកាសបុណ្យអុំទូក មានចំនួន៧០ករណី បណ្តាលឲ្យមនុស្សស្លាប់ជិត៣០នាក់ ។ចំនួននេះ ទាបជាងឆ្នាំ២០១៤។
តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈចេញផ្សាយនៅថ្ងៃសុក្រ ទី ២៧ វិច្ឆិកា នេះថា អ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មានចំនួន២៩នាក់ អ្នករងរបួសមានចំនួន៩៥នាក់ ក្នុងនោះ ៧៦នាក់ រងរបួសធ្ងន់ និង១៩នាក់របួសស្រាល។ ខូចម៉ូតូចំនួន ៧៧គ្រឿង រថយន្តធុនស្រាល ២៧គ្រឿង រថយន្តធុនធ្ងន់ ៦គ្រឿងនិងយានផ្សេងៗ ១១គ្រឿង។
របាយការណ៍បានសន្និដ្ឋានពីមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់គឺដោយសារល្មើសល្បឿន៣៧លើក ស្រវឹង១០លើក មិនប្រកាន់ស្តាំ១០លើក មិនគោរពសិទ្ធិអាទិភាព៦លើក បត់គ្រោះថ្នាក់៣លើក បើកបរប្រជែងគ្រោះថ្នាក់២លើក បើកបរងងុយដេក១លើក កត្តាយាន១លើក។
ខេត្តដែលរងគ្រោះថ្នាក់ច្រើនមានដូចជាខេត្តកំពង់ធំ គ្រោះថ្នាក់៥លើក ស្លាប់៥នាក់ ខេត្តកណ្តាល ៥លើក ស្លាប់៤នាក់ ខេត្តរតនគិរី ៤លើក ស្លាប់៤នាក់ ខេត្តកំពង់ស្ពឺ ៣លើក ស្លាប់៣នាក់ ខេត្តសៀមរាប ៤លើក ស្លាប់២នាក់ ខេត្តកំពត៩លើក ស្លាប់១នាក់។
គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤ បណ្តាលឲ្យមនុស្សស្លាប់ជាង២០០០នាក់ កើនលើសឆ្នាំ២០១៣ ជាង២០០នាក់៕ដោយ៖គ.បញ្ញា