សម្លេងរបស់ប្រជាពលរដ្ឋខ្មែរបាននឹងកំពុងលឺពាសពេញពិភពលោកក្នុងស្មារតីប្រឆាំងបរទេសឈ្លានពាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2025 ក+ ក-

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៃព្រឹកថ្ងៃទី២៨ កក្កដានេះថា ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគោរព និងដឹងគុណយ៉ាងជ្រាលជៅចំពោះវីរៈកងទ័ពគ្រប់ប្រភេទ ដែលបានលះបង់គ្រប់បែបយ៉ាង បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានទឹកដីរបស់យើង ហើយបានតស៊ូយ៉ាងស្វិតស្វាញការពារបូរណភាពទឹកដី មិនឱ្យសត្រូវឈ្លានពានដណ្តើមយក។


ឯកឧត្តមចាត់ទុកថា នេះជាគុណបំណាច់ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមគោរពសរសើរ និងដឹងគុណ ក្នុងការជ្រោងទង់ជាតិរបស់កម្ពុជា ស្រែកប្រាប់ពិភពលោកយ៉ាងខ្ទរខ្ទារ ឱ្យបានដឹងពីការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា។

នេះជាកម្លាំងចលករយ៉ាងខ្លាំងរបស់ប្រជាជាតិខ្មែរ ដើម្បីបង្ហាញប្រាប់ពិភពលោកថា កម្ពុជាស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងប្រឆាំងដាច់ខាតទៅនឹងការឈ្លានពានរបស់ប្រទេសថៃ។


សូមរំលឹកថា កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្បុជា មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ហើយក្នុងកិច្ចសន្ទនានោះ គឺប្រធានាធិបតីអាមេរិក ត្រាំ បានស្នើឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពទាំងស្រុង។

កិច្ចសន្ទនាក៏បានដែររវាងប្រធានាធិបតីត្រាំ ជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ ហើយនាយករដ្ឋមន្ត្រីក៏ទទួលយកសំណើបទឈប់បាញ់នេះពីប្រធានាធិបតីអាមេរិកដូចគ្នាដែរ។

យ៉ាងណាក៏ដោយអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ពេញមួយថ្ងៃម្សិលម៉ិញនេះ កងទ័ពថៃនៅតែវាយប្រហារមកកងទ័ពកម្ពុជាឥតឈប់ឈរ រហូតមកដល់ពេលនេះ ទោះបីមានបទឈប់បាញ់ក៏ដោយ។ ឯកឧត្តមបានបញ្ជាក់ថា សំណើបទឈប់បាញ់គឺសមស្របណាស់ ដូចអ្វីដែលកម្ពុជាចង់បាន ព្រោះយើងដឹងទាំងអស់គ្នាហើយ កម្ពុជាឈរនៅខាងសន្តិភាព និងគោរពច្បាប់អន្តរជាតិ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9RTzDbwL82Y