បាត់ដំបង៖លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង នៅវេលាព្រលប់ៗយប់ថ្ងៃទី២៧វិច្ឆិកាម្សឹលម៉ិញនេះ បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងអ្នករងរបួសដោយការផ្ទុះមីនតោន ខណៈ ដែលពួកគាត់បើកបរម៉ាស៊ីនច្រូតកាត់ប្រមូលផលស្រូវ កាលពីថ្ងៃទី ២៣ វិច្ឆិកាកន្លងទៅ នៅក្នុងស្រុកបវេលចំនួន ២នាក់ ដែលរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្ត ព្រមទាំងអ្នករងរបួសធ្ងន់ ស្រាល ប្រមាណ៧០នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ដែល កំពុងព្យាបាលទីនោះដែរ។
មន្ត្រីជំនួយការលោកអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ ក្នុងការចុះសាកសួរអ្នកជំងឺក្នុងមន្ទីរពទ្យEmergencyនេះ លោកអភិបាលខេត្ត ច័ន្ទ សុផល ក៏បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនដល់អ្នកដែលរបួសធ្ងន់ចំនួន០២នាក់ ដោយសារការផ្ទុះមីនតោន នៅស្រុកបវេល ខេត្តបាត់ដំបងក្នុងម្នាក់ៗថវិកាចំនួន១០០ដុល្លារ។ដោយឡែកអ្នកជំងឺដោយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរចំនួន៤០នាក់ ក្នុងម្នាក់ៗចំនួន ៤ម៉ឺនរៀល,អ្នករងរបួសស្រាលចំនួន ៣០នាក់ ក្នុង ម្នាក់ៗចំនួន ២ម៉ឺនរៀល។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង មានប្រសាសន៍សម្តែងនូវការសោកស្តាយចំពោះការកើតឡើងនូវហេតុការអាក្រក់នាពេលកន្លងមកនេះ ទាំងការផ្ទុះមីន ទាំងករណីគ្រោះថ្នាក់ចរាចរណ៍។លោកអភិបាលខេត្ត ក៏បានថ្លៃងអំណរគុណ និងកោតសរសើរផងដែរ ចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ក្នុងការសង្គ្រោះ និងព្យាបាលអ្នកជំងឺដែលកំពុងសម្រាកទីនេះប្រកបដោយវិជ្ជាជីវៈគួរឲ្យស្ងើចសរសើរ៕ ប.ប