

ក្រុមការងារក្រសួងបរិស្ថាន តាមរយៈមន្រ្តីអធិការកិច្ច នៃអគ្គ នាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានរកឃើញមានទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួន ក្នុងស្រុកជុំគីរី ខេត្តកំពត បានបង្កឱ្យមានក្លិន ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ។


ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្រុមការងារក្រសួងបរិស្ថាន ដោយ មានការចូលរួមពីរដ្ឋបាលស្រុកជុំគិរី ក្រុមប្រឹក្សាឃុំត្រពាំងរាំង ឃុំជំពូវន្ដ និងមន្ទីរបរិស្ថានខេត្តកំពត បានចុះត្រួតពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក ចំនួន៥ទីតាំង រួមមាន៖ ១)កសិដ្ឋានចិញ្ចឹមជ្រូក មួង ផារី ២)កសិដ្ឋានចិញ្ចឹមជ្រូក វុន ហេង (ទីតាំងទី១) ៣)កសិដ្ឋានចិញ្ចឹមជ្រូក វុន ហេង (ទីតាំងទី២) ៤)កសិដ្ឋានចិញ្ចឹមជ្រូក ជា សៅណា និង៥)កសិដ្ឋានចិញ្ចឹមជ្រូក ស៊ី.ភី.ខេមបូឌា ចំកាត់។


ក្រុមការងារបានរកឃើញ កសិដ្ឋានចញ្ចឹមជ្រូកទាំងនេះ មិនទាន់មានការគ្រប់គ្រងសំណល់រាវ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងបានបញ្ចេញទឹកកខ្វក់ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ដល់កសិដ្ឋានចិញ្ចឹមជ្រូក ដែលមិនបានរៀបចំ ប្រព័ន្ធគ្រប់គ្រងសំណល់រាវ និងការបញ្ចេញសំណល់រាវ មិនត្រឹមត្រូវដូចជា៖


កសិដ្ឋានចិញ្ចឹមជ្រូក ត្រូវបញ្ឈប់ការលេចធ្លាយសំណល់រាវចូល តំបន់ទឹកសាធារណៈ វាលទំនាប និងដីស្រែ របស់ប្រជាពលរដ្ឋ ជាបន្តទៀត កសិដា្ឋនចិញ្ជឹមជ្រូក ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវចេញ ពីស្រះស្ដុកចូលអូរសាធារណៈ (អូរធ្លក) ជាបន្ទាន់ និងត្រូវទទួលរងការពិន័យអន្ដរការណ៍ ករណីរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ខាងលើ បានបញ្ចេញសំណល់រាវចូលអូរសាធារណៈ ដែលល្មើសនឹងមាត្រា១៥៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។


ត្រូវស្ដុកសំណល់រាវនៅក្នុងស្រះស្ដុកឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងត្រូវជីកស្រះបន្ថែមសម្រាប់ស្ដុកសំណល់រាវ ស្របតាមបរិមាណបញ្ចេញពីកសិដ្ឋាន និងសម្រាប់ស្ដុកសំណល់រាវចេញពីអាង Biogas ដើម្បីការពារករណីឧបទ្ទវហេតុកើតឡើង។


សូមបញ្ជាក់ថា នៅសប្ដាហ៍បន្ទាប់នេះ ក្រុមការងារនឹងបន្ដចុះត្រួតពិនិត្យទីតាំងកសិដ្ឋាន ចិញ្ចឹមជ្រូកផ្សេងទៀត ដែលមានមូលដ្ឋាន នៅក្នុងភូមិសាស្រ្តស្រុកជុំគីរី ខេត្តកំពត ដែលកន្លងមក ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានរាយការណ៍មកក្រសួងបរិស្ថាន លើករណីការបញ្ចេញសំណល់រាវ ទឹកកខ្វក់ មានក្លិនអាក្រក់ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅប្រចាំថ្ងៃ។



ជាមួយគ្នានេះក្រសួងបរិស្ថាននឹងបន្តអនុវត្តវិធានច្បាប់ ចំពោះ រោងចក្រ សហគ្រាស ក្រុមហ៊ុនទាំងឡាយណា ដែលប្រព្រឹត្តល្មើសច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងនូវភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WuVwx4JEA5c


