អាល្លឺម៉ង់​គ្រោង​បញ្ជូន​ទ័ព​​ជាង​១​ពាន់​នាក់​ទៅ​ជួយ​បារាំង​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2015 ក+ ក-

អាល្លឺម៉ង់​៖​មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ព​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​នឹងដាក់​ពង្រាយ​ទាហាន​ប្រមាណ​ជា​១​ពាន់​២​រយ​នាក់ ដើម្បី​ជួយ​បារាំង ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​។
​មន្ត្រី​ដដែល​បញ្ជាក់ថា នេះ​នឹង​ជា​ប្រតិបត្តិការ​យោធា​ដ៏​ធំ​មួយ ដែល​អាល្លឺម៉ង់​កម្រ​នឹងធ្វើ​នៅក្រៅ​ប្រទេស ហើយ​វា​ជាការ​បង្ហាញ​នូវ​សាមគ្គីភាព​ចំពោះ​បារាំង ដែលជា​សម្ព័ន្ធមិត្ត ក្រោយ​ការវាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​។​
​ទាហាន​ប្រមាណ​ជា ១២០០​នាក់ ដែល​អាល្លឺម៉ង់​គ្រោង​ដាក់ពង្រាយ​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ជី​ហាត រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​ស៊ី​រី​នេះ មិនមែនជា​កងទ័ព​ប្រយុទ្ធ​ថ្មើរជើង​នោះទេ តែ​ជា​កងទ័ព​ក្នុង​ប្រតិបត្តិការ​ទ័ពអាកាស និង​ទ័ពជើងទឹក​។
​មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ព​អាល្លឺម៉ង់​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក អាល្លឺម៉ង់​ថា ការដាក់​ពង្រាយ​កងទ័ព​នេះ​នឹង​ចាប់​ផ្តើមធ្វើ​នៅក្នុងពេល​ឆាប់ៗ នៅពេលណា​ដែល​ទទួលបាន​នូវ​ការអនុម័ត​ជា​ផ្លូវការ​ពី​សំណាក់​សភា​អាល្លឺម៉ង់​។​
​គួរ​បញ្ជាក់ថា ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស អាល្លឺម៉ង់ ដែលជា​ទូទៅ​តែងតែ​ចៀសវាង​មិន​ដាក់ពង្រាយ​កងទ័ព​ទៅ​បរទេស បាន​យល់ព្រម​ជាគោលការណ៍​ជាមួយ​បារាំង​ថា​នឹងចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​ក្រុម​ជី​ហាត រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​។ ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជាការ​ព្រមព្រៀង​ជាគោលការណ៍​តែប៉ុណ្ណោះ ហើយ​គម្រោង​ដាក់ពង្រាយ​កងទ័ព​ក្នុង​ប្រតិបត្តិការ​នៅ​ស៊ី​រី​នេះ ត្រូវ​ឆ្លង​ការអនុម័ត​ពី​សំណាក់​គណៈរដ្ឋមន្ត្រី​អាល្លឺម៉ង់ នៅ​ថ្ងៃ​អង្គារ​ក្រោយ មុននឹង​ដាក់ជូនទៅ​សភា​៕

000_DV2188334_0_0