អ៊ីរ៉ាក់៖សមាជិកសភា និងជាអតីតអតីតទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Mowaffak al Rubaie បានថ្លែងឲ្យដឹងថា ក្រុមឧទ្ទាម ISIS រកចំណូលបានរាប់លានដុល្លារ អាមេរិកតាមរយៈការលក់ប្រេងទៅកាន់ទីផ្សារងងឹតនៅក្នុងប្រទេសតួកគី។
នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃនេះ លោកទីប្រឹក្សាសន្តិសុខរូបនេះបញ្ជាក់ថា ក្រុមភេរវករដែលរងរបួសកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសតួកគី ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន RT លោក Mowaffak al Rubaie បានឲ្យដឹងថា នៅក្នុងរយៈពេល ៨ខែចុងក្រោយនេះ ក្រុម ISIS រកចំណូលបាន ៨០០លានដុល្លារអាមេរិក ពីការលក់ប្រេងទៅកាន់ទីផ្សារងងឹត នៅក្នុងប្រទេសតួកគី ដែលប្រេងទាំងនោះ ត្រូវបានក្រុម ISIS ប្រមូលមកពីតាមបណ្ដាតំបន់ដែលខ្លួនគ្រប់គ្រងមាននៅក្នុងប្រទេស អ៊ីរ៉ាក់ អ៊ីរ៉ង់ និងស៊ីរី ដោយតម្លៃប្រេងគឺស្មើនឹង ៥០ភាគរយ នៃតម្លៃប្រេងអន្តរជាតិ។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺថា រដ្ឋាភិបាលតួកគីបានដឹងច្បាស់ពីប្រតិបត្តិការលក់ប្រេងរបស់ក្រុម ISIS នេះ។ ប៉ុន្តែពួកគេហាក់ធ្វើមិនដឹង ព្រោះវាមានប្រយោជន៍ ដល់តួកគីច្រើនផងដែរ។
គួរបញ្ជាក់ថា ប្រេងគឺជាប្រភពចំណូលធំបំផុតសម្រាប់ក្រុម ISIS អាចនិយាយបានថា វាគឺជាដង្ហើមសម្រាប់ក្រុមឧទ្ទាមមួយនេះផងដែរ៕