ខេត្តកំពតៈ គ្រោះថ្នាក់ចរាចរណ៍រន្ធកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះរវាងម៉ូតូម៉ាក់ទ្រីមសង់ C125 ពណ៌ក្រហម គ្មានស្លាកលេខ និងរថយន្ក្រុងប្រភេទទេសចរណ៍ត្រូវគេស្គាល់ ឈ្មោះក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរពីខេត្តកំពតទៅទីក្រុងភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៣១ មកដល់កន្លែងកើតហេតុស្ថិតនៅត្រង់ចំណុចពីស្ពានទល់មុខក្លោងទ្វារផ្លូវចូលទៅវត្តសម្រោង ស្ថិតនៅភូមិប្រផុង ឃុំសម្រោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យមនុស្ស ពីរនាក់ម្តាយ និងកូនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនោះផងដែរ។ ជនរងគ្រោះ៤នាក់មានឈ្មោះ គឹន ចើន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ២.ឈ្មោះណែន ម៉ែន អាយុ២១ឆ្នាំ (ស្លាប់) ដែលជួលម៉ូតូឌុបឈ្មោះខាងលើជិះទៅបើកលុយវីងនៅផ្សារចំ ស.ស ដែលសាច់ញាតិផ្ញើមកអោយរូបនាងមិនទាន់នឹងបានបើកលុយនោះផងស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តងទៅ ៣.ឈ្មោះ លេន សុខមាស អាយុ១ឆ្នាំ ត្រូវជាកូនស្រី្តខាងលើ (ស្លាប់) ៤.ឈ្មោះ ហ៊ត លីហ្សា ភេទស្រី អាយុ៤ឆ្នាំ ត្រូវជាក្មួយស្រី ខាងលើរងរបួសស្រាល អ្នករងគ្រោះទាំង៤នាក់ មានទីលំនៅភូមិឃុំជាមួយគ្នា។ក្រោយពីកើតហេតុអ្នករងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនក្បែរនោះ។
រថយន្តក្រុមហ៊ុនភ្នំពេញសូរិយា ដែលមានស្លាកលេខសម្គាល់ ភ្នំពេញ3B-8254 ចំណែកឯអ្នកបើកបររថយន្តខាងលើបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកភ្ញៀវធ្វើដំណើរជិះពេញរថយន្ត ដែលមានភ្ញៀវជាតិ និងភ្ញៀវបរទេសដើររកម៉ូតូឌុបជិះយ៉ាងរប៉ាតរប៉ាយដើម្បីធ្វើដំណើរបន្តទៀតផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកបន្ទាយមាសចុះមកត្រួតពិនិត្យវាស់វែងរថយន្តនឹងម៉ូតូខាងលើ យកមករក្សាទុកនៅអធិការដ្ឋានស្រុកបន្ទាយមាស រងចាំដោះស្រាយទៅតាមផ្លូវច្បាប់។
ចំណែកសាកសពជនរងគ្រោះម្តាយនឹងកូនសមត្ថកិច្ចធ្វើកោសលវិច្ច័យ រួចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចចរាចរណ៍ និងប្រជាពលរដ្ឋស្រុកបន្ទាយមាសបានគត់សម្គាល់ឃើញថាប្រភេទរថយន្តរថយន្តទេសចរណ៍ធំៗទាំងអស់នោះបើកបរនៅលើកំណាត់ផ្លូវជាតិក្នុងល្បឿនលឿនៗ ពួកគាត់ព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហាសុវត្ថិភាពកូនចៅរបស់ពួកគាត់នឹងសុវត្ថិភាពបងប្អូនទាំងអស់ផងដែរ៕ ដោយៈ ឡុង សារ៉េត