ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន មិនបានអនុវត្តច្បាប់ទាក់ទងនឹងវិស័យបរិស្ថាននៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2025 ក+ ក-

ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានត្រូវក្រុមការងារជំនាញក្រសួងបរិស្ថានរកឃើញ បានដំណើរការផលិតកម្មកាត់ដេរសំលៀ មិនគោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខ មួយចំនួនដូចជា៖

1-ហាមដាច់ខាតយកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ និងត្រូវប្តូរកន្លែងស្តុកទុកសំណល់កម្ទេចក្រណាត់ទៅទីតាំងផ្សេង។

2-ត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា១៧៣ និងមាត្រា ៦៩៩នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ 3-ឡចំហាយ របស់រោងចក្រ ត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែង ឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ លើសពីនេះ រោងចក្រត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ គុណភាពខ្យល់ក្នុងអគារ និង សារធាតុ បំពុលចេញពីឡចំហាយ ពីក្រសួង បរិស្ថាន និង4-រោងចក្រត្រូវធ្វើរបាយការណ៍អង្កេតតាមដានបរិស្ថានប្រចាំឆមាស(EMR)។

សូមបញ្ជាក់ថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក អ៊ីវ សុផល អនុប្រធានាយកដ្ឋាន បានចុះត្រួតពិនិត្យ ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន ដែលជារោងចក្រ កាត់ដេរសម្លៀក បំពាក់ ស្ថិតនៅក្នុងទីតាំងខាងលើ។

ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យនិងរកឃើញថា រោងចក្រ ពុំទាន់មានលិខិត អនុញ្ញាតបញ្ចេញសំណល់រឹង រាវ គុណភាពខ្យល់ក្នុងអគារផលិតកម្ម សារធាតុបំពុលចេញពីឡចំហាយ និងរបាយការណ៍អង្កេតតាមដានបរិស្ថានប្រចាំឆមាស(EMR) ដែលល្មើសនឹង មាត្រា១៧៣  មាត្រា៦៩៩ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ៕

សូមទស្សនាព័ត៌មានពិស្ដារ៖