អង់គ្លេស៖នាយករដ្ឋមន្ដ្រីអង់គ្លេស David Cameron កាលពីម្សិលមិញប្រកាសថា សភាអង់គ្លេសនៅថ្ងៃទី០២ធ្នូនឹងបោះឆ្នោតដើម្បីអនុញ្ញាតឲ្យប្រើយន្ដហោះទម្លាក់គ្រាប់ចូលរួមជាមួយសម្ព័ន្ធអន្ដរជាតិប្រឆាំងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី។
ការប្រកាសរបស់លោក Cameron ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងអង់គ្លេសអនុញ្ញាតឲ្យសមាជិកសភារបស់ខ្លួនបោះឆ្នោតដោយប្រើមនសិការបុគ្គលល្អជាងការព្យាយាមបង្ខំឲ្យពួកគេប្រឆាំងនឹងការប្រើចំណាត់ការយោធា។
លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា អង់គ្លេសចង់ឆ្លើយតបនឹងការអំពាវនាវពីសម្ព័ន្ធមិត្ដ ហើយធ្វើការជាមួយពួកគេ ព្រោះថាក្រុមរដ្ឋអ៊ីស្លាមគឺជាក្រុមគំរាមកំហែងដល់អង់គ្លេស ហើយវាជារឿងត្រឹមត្រូវដែលអង់គ្លេសចូលរួមជាមួយសម្ព័ន្ធអន្ដរជាតិ ប្រយុទ្ធជាមួយពួកគេ។
លោក Cameron សង្ឃឹមថា នឹងអាចទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភាដើម្បីអនុញ្ញាតឲ្យអង់គ្លេសអាចប្រើយន្ដហោះទម្លាក់គ្រាប់ចូលរួមជាមួយសម្ព័ន្ធអន្ដរជាតិប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម៕