ភ្នំពេញ៖លោក មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ថ្លែងប្រាប់ ថាដោយសារលោក ម៉ៅ ហាជី មិនចូលខ្លួនដោះស្រាយ ពេលនេះហង្សមាសបានសម្រេចឲ្យមេធាវីដាក់ពាក្យបណ្ដឹងទៅកាន់ តុលាការក្រុងភ្នំពេញ។
លោក មាស រិទ្ធី បន្តថា តុលាការនឹងចេញដីកាកោះហៅបេក្ខជនរូបនេះក្នុងពេលដ៏ ខ្លី ហើយបើនៅតែមិនព្រមចូលខ្លួនដូចអ្វីដែលខាងហង្សមាសព្យាយាម ទាក់ទងទៅមិនបានសម្រេចទៀតនោះគឺចំណាត់ការចុងក្រោយនឹងចុះចាប់ ខ្លួនតែម្ដង។
លោក មាស រិទ្ធី បន្តថា នៅក្នុងបណ្ដឹងនោះ ហង្សមាសបានកំណត់លើការទាមទារឲ្យម៉ៅ ហាជី ដោះស្រាយបទល្មើសទៅលើCambodian Idol ដោយកំណត់ឲ្យសងជំងឺចិត្ត។ លោកនិយាយថា៖ “ យើងទុកពេលឲ្យគាត់ច្រើនថ្ងៃហើយ ប៉ុន្តែលទ្ធផលហាជីនៅតែបិទទូរស័ព្ទ ហើយបើលើកទូរស័ព្ទគឺគ្រាន់តែដឹងថាហង្សមាសបិទចោលតែម្ដង ឥឡូវយើងអត់ទុកអញ្ចឹងទៀតទេ គឺហង្សមាសបានដាក់ពាក្យបណ្ដឹងហើយ ដោយស្នើឲ្យតុលាការអនុវត្តដីកាកោះហៅ ឬចុះចាប់ខ្លួនដើម្បីឲ្យមកដោះស្រាយតែម្ដង អត់ទុករឿងអញ្ចឹងកើតទេ!”។
លោក មាស រិទ្ធី បន្ថែមថា ម៉ៅ ហាជី នឹងត្រូវកំណត់ឲ្យសងជំងឺចិត្តលើសពីម៉ឺនដុល្លារ ប៉ុន្តែគេក៏អាចទទួលឱកាសរួចខ្លួនផងដែរ បើគេសារភាពបែបណា ធ្វើឲ្យលោក អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាសមានការយោគយល់៕ដោយ៖ ជុំ វិបុល