ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD បង្ហូរសំណល់រាវចូលអូរធម្មជាតិនៅក្នុងខេត្តរតនគីរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2025 ក+ ក-

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន  ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តរតនគិរី លោកមេឃុំយ៉ាទុង លោកមេភូមិពាក់ (ដូចមានសមាសភាពក្នុងបញ្ជីវត្តមានជូនភ្ជាប់) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានធ្វើការចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD  និងបានរកឃើញករណីសំណល់រាវហូរចូលតំបន់ទឹកអូរធម្មជាតិ (អូរត្រាយ) ស្ថិតនៅក្បែរក្រុមហ៊ុន ចម្ងាយប្រមាណ៣០ម. ហើយអូរនេះ មានទំនាក់ទំនងទៅអូរយ៉ាដាវ។

សំណល់រាវចេញពីក្រុមហ៊ុន បានធ្វើឱ្យកម្រិតអុកស៊ីសែននៅក្នុងទឹកអូរថយចុះ បង្កឱ្យមានត្រីងាប់មួយចំនួន។ ជាមួយគ្នានេះក្រុមការងារបានយកសំណាកសំណល់រាវ និងសំណាកទឹកអូរ សរុបចំនួន ៥ទីតាំង មកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ។

ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់តម្រូវឱ្យក្រុម ហ៊ុន MESCO GOLD (CAMBODIA) LTD ដែលមានទីតាំងស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវជាបន្ទាន់ទោះរូបភាពណាក៏ដោយ ត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៧ និងមាត្រា៦៩៤ និងអនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក ត្រូវផ្ដល់សំណងផលប៉ះពាល់ការខូចខាតបរិស្ថាន និងសុខភាពសាធារណ:។

ពិសេសត្រូវបូមសំណល់រាវចេញពីស្រះរងកករ ទៅដាក់នៅស្រះស្ដុកបណ្ដោះអាសន្ន (ស្រះក្រាលកៅស៊ូខ្មៅ)ករណីស្រះស្ដុកពុំមានសមត្ថភាពស្ដុកគ្រប់គ្រាន់ ក្រុមហ៊ុនត្រូវធ្វើការជីកស្រះបន្ថែមសម្រាប់ស្ដុកសំណល់រាវបណ្ដោះអាសន្ននិងត្រូវជួសជុលទប់ស្កាត់ចំណុចបែកធ្លាយសំណល់រាវ៕

សូមទស្សនាព័ត៌មានពិស្ដារ៖