ភ្នំពេញ៖លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា ទើបត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាកោះហៅថ្មីមួយទៀតតាមបណ្តឹងរបស់លោក ហេង សំរិន ប្រធានរដ្ឋសភានៅក្នុងសំណុំរឿងបរិហាកេរ្តិ៍ ដែលលោក សម រង្ស៊ី បានផ្សាយតាមរយៈ បណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក។
យោងតាមដីកាកោះហៅរបស់អយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១ខែធ្នូ បានកោះអញ្ជើញលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺ នៅចំពោះមុខតុលាការក្រុងភ្នំពេញ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៤ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។
តាមដីកាកោះរបស់លោក វង្ស ប៊ុនវិសុទ្ធ តំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ដែល មេគង្គប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២ ធ្នូ ឆ្នាំ២០១៥ នេះបានបញ្ជាក់ថា មេបក្សប្រឆាំងលោក សម រង្ស៊ី ត្រូវបានលោក ហេង សំរិន ប្រធានរដ្ឋសភា ប្តឹងពីបទបរិហាកេរ្តិ៍តាមប្រព័ន្ធហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ ។
គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះនូវវីដេអូឃ្លីបរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងបានសរសេរថា៖ «យើងចងចាំថា របបកើតថ្ងៃ៧មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះនរោត្តម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ»។ ក្នុងនាមជាអ្នកដឹកនាំប្រទេសកម្ពុជា ក្រោយពីការដួលរលំនៃរបបខ្មែរក្រហម លោក ហេង សំរិន ដែលបច្ចុប្បន្នជាប្រធានរដ្ឋសភាកម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញ តាមរយៈមេធាវីរបស់លោក។
លោក សម រង្ស៊ី ក៏ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាកោះហៅឲ្យចូលខ្លួននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ ដើម្បីឆ្លើយបំភ្លឺនៅក្នុងសំណុំរឿងសមគំនិតជាមួយលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ ក្នុងការបង្ហោះក្នុងហ្វេសប៊ុកនូវសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ក្លែងក្លាយ ។
ដូចមុនៗដែរ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានចាត់ទុកបណ្តឹងប្រឆាំងលោក សម រង្ស៊ី ទាំងពីរករណីនេះថា ជារឿងនយោបាយ៕ដោយ៖ខេមរា