ភ្នំពេញ៖ក្រុមក្មេងស្ទាវប្រមាណជិត៣០នាក់ ត្រូវសមត្ថកិច្ចចម្រុះខណ្ឌមានជ័យចាប់បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ បន្ទាប់ពីពួកទាំងអស់នេះបានព្រួតគ្នាវាយ កាប់ចាក់ទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសយ៉ាធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៩យប់ថ្ងៃទី ២ ខែវិច្ឆិកា នេះនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមក្មេងស្ទាវប្រមាណជាជាង៣០នាក់ ដែលគេដឹងថាជាកម្មករធ្វើការនៅក្នុងឃ្លាំងស្តុកទំនិញដ៏ធំមួយយីហោ សឺ ហ៊ូហ៊ុយ បាននាំគ្នាផឹកស៊ី ឡូឡា។មួយសន្ទុះក្រោយមក ស្រាប់តែឮសម្រែកស្រែកជេរគ្នាតឹងសរសៃក មិនដឹងថាទំនាស់ពាក្សសំដីនេះ បណ្តាលមកពីមូលហេតុអ្វីនោះទេ ។
ប្រភពបន្តថា ភ្លាមៗនោះ មានស្ទាវមួយក្រុមបាននាំគ្នាវ៉ៃចាប់អូសយុវជនម្នាក់ចេញពីកន្លែងមានជម្លោះទៅកាន់មុខឃ្លាំងដូចខាងលើ ហើយនាំគ្នាវាយ និងកាប់ដោយដាវសាម៉ូរ៉ៃ រួចចាក់នឹងដែកឆាប បណ្តាលឲ្យយុវជនរូបនោះរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលតាមការប៉ាន់ស្មានយុវជនរងគ្រោះរូបនោះ ទំនងជាគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបានឡើយ។
មន្ត្រីសមត្ថកិច្ចមួយរូបបានបញ្ជាក់ថា យុវជនរងគ្រោះឈ្មោះរ៉េត ថន អាយុជាង ២០ឆ្នាំ បានទាស់សំដីគ្នា ហើយត្រូវបានក្រុមក្មេងស្ទាវមួយក្រុមដូចខាងលើចាប់អូសមកដល់មុខឃ្លាំង សឺ ហ៊ូហ៊ុយ រួចកាប់នឹងសាម៉ូរ៉ៃ និងចាក់ដោយដែកឆាបបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ត្រូវបានអ្នកជិតខាងជួយហៅរថយន្តសាមុយ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសង្គ្រោះអាយុជីវិត។
ប្រភពបានបន្ថែមថា ក្រុមក្មេងស្ទាវបង្កហេតុប្រមាណ៣០នាក់ត្រូវបានសមត្ថកិច្ចចម្រុះខណ្ឌរួមមាន កងរាជអាវុធហត្ថ នគរបាល និងប្រជាការពារភូមិទ្រា៤ ចុះទៅចាប់ប្រមូលចេញពីទីតាំងឃ្លាំងយីហោ សឺ ហ៊ូហ៊ុយ ហើយនាំយកទៅស៊ើបសួរបន្ថែមនៅទីបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខណ្ឌមានជ័យ និងរង់ចាំចម្លើយពីយុវជនរងគ្រោះនៅមន្ទីរពេទ្យ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ដោយ៖រដ្ឋា