រុស្ស៊ី​បង្ហាញ​ភស្តុតាង​ពី​ការធ្វើ​ពាណិជ្ជកម្ម​ប្រេង​ខុសច្បាប់​របស់​ក្រុម ISIS ជាមួយ​តួ​ក​គី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2015 ក+ ក-

​រុស្ស៊ី​៖​យោងតាម​បណ្តាញសារព័ត៌មាន RT បាន​ផ្សាយ​នៅថ្ងៃនេះ​ថា ក្រសួងការពារជាតិ​រុស្ស៊ី​បញ្ចេញ​នូវ​ភស្តុតាង​ពាក់ព័ន្ធ​ការធ្វើ​ពាណិជ្ជកម្ម​ប្រេង​ខុសច្បាប់​រវាង​ក្រុម ISIS ជាមួយ​ក្រុមទី​ផ្សារងងឹត​នៅក្នុង​ប្រទេស​តួ​ក​គី​។​
​អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Anatoly Antonov បាន​បង្ហាញថា មាន​ផ្លូវធំៗ​៣ ដែល​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​ប្រើប្រាស់​ក្នុងការ​រត់ពន្ធ​ប្រេង​ខុសច្បាប់​ចូលទៅក្នុង​ប្រទេស​តួ​ក​គី ដោយ​ប្រើប្រាស់​រថយន្ត​ធំ ដើម្បី​ដឹកជញ្ជូន​ប្រេង​ពី​កន្លែង​ដែល​ខ្លួន​កាន់កាប់ ចូលទៅ​កាន់​ប្រទេស​តួ​ក​គី​។ លោក Antonov បញ្ជាក់ ថា អ្នកទិញ​ប្រេង​ធំ​បំផុត​ពី​ក្រុម ISIS គឺមាន​ប្រភព​មកពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ដោយមាន​ការជួយ​ជ្រុំ​ជ្រែង​ពី​រដ្ឋាភិបាល​តួ​ក​គី ទើប​ការជួញដូរ​នេះ​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន​។​
​គួរ​បញ្ជាក់ថា បើតាម​របាយការណ៍​ស​ម្ងា​ត់​ដែល​ទទួលបាន​ពី​ក្រុម​ស៊ើបការណ៍​របស់​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម​រកចំណូលបាន​៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​ពី​ការលក់​ប្រេង ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃទី​៣០ ខែកញ្ញា ដែលជា​ថ្ងៃ​រុស្ស៊ី បើក​ការវាយប្រហារ​ក្រុម ISIS នៅ​ស៊ី​រី​តាម​ដែនអាកាស​មក​ប្រាក់ចំណូល​របស់​ក្រុម​ឧទ្ទាម បាន​ធ្លាក់​មក​នៅត្រឹម ១,៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ ដោយសារតែ​ទីតាំង​ប្រេង​មួយចំនួន​ត្រូវបាន​បំផ្លាញ ជាពិសេស​គឺ​ក្រុម​ឧទ្ទាម​មិនសូវ​ធ្វើ​សកម្មភាព​ជួញដូរ​ប្រេង​ដូច​មុន​៕

1