បាត់ដំបង៖តុលាការខេត្តបាត់ដំបងបានសម្រេចផ្តន្ទាទោសគ្រូពេទ្យតាមភូមិឈ្មោះ យ៉ែម ជ្រឹង ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ និងសងជំងឺចិត្ត រាប់លានរៀល ទាក់ទិននឹងរឿងក្តីដ៏គួរឲ្យតក់ស្លុតរន្ធត់ចិត្តបង្កសោកនាដ កម្មបង្កឲ្យអ្នកភូមិជាច្រើនអ្នកឆ្លងមេរោគអេដសន៍ ហើយអ្នកខ្លះទៀតបានស្លាប់បាត់បង់ជីវិតនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
សូមរំឭកថា ករណីព្យាបាលជំងឺហើយបង្កឲ្យមានការឆ្លងមេរោគអេដសន៍ដោយគ្រូពេទ្យខាងលើនេះ បានកើតឡើងជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែទើបបែកធ្លាយអ្នកភូមិជាច្រើននាក់ មានទាំងកូនក្មេងតូចៗខ្លះផង ក៏រងគ្រោះដោយការឆ្លងមេរោគនេះដែរ។ក្រោយពេលមានហេតុការណ៍នេះ អ្នកភូមិបានដាក់ការចោទប្រកាន់ទៅលើគ្រូពេទ្យ យ៉ែម ជ្រឹង ថាបានព្យាបាលជំងឺក្នុងចេតនាចម្លងមេរោគអេដស៍ដល់អ្នកដទៃ ហើយលោកគ្រូពេទ្យ យ៉ែម ជ្រឹង ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនតាំងពីពេលនោះមកតែម្តង។
នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី០៣/១២/២០១៥ នេះ ជនជាប់ចោទ យ៉ែម ជ្រឹង ត្រូវបានកម្លាំងអនុរក្សពន្ធនាគារនាំខ្លួនមកកាន់តុលាការខេត្តសារជាថ្មីម្តងទៀតជាលើកទី២ដើម្បីចូលរួមសវនាការប្រកាសសាលក្រមកំណត់ពីទោសទណ្ឌបញ្ចប់សំណុំរឿងក្តីដ៏ស្មុគ្រស្មាញនិងរ៉ាំរ៉ៃមួយនេះ និងបន្ទាប់ពីបានឃុំខ្លួនជនត្រូវចោទអស់រយៈពេលជាច្រើនខែកន្លងមកនោះ។
ទាំងអ្នកកាសែតជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសង្គមស៊ីវិលមួយចំនួនកំពុងតែតាមដានរឿងក្តីមួយនេះដោយយកចិត្តទុកដាក់…ថាតើទណ្ឌិត យ៉ែម ជ្រឹង និងត្រូវអនុវត្តទោសទណ្ឌកម្រិតណា៎?ប៉ុន្មានឆ្នាំ? ខណៈដែលប្រជាជនក្នុងឃុំរកា ជាច្រើន រយគ្រួសារ មនុស្សរាប់ រយនាក់កំពុងតែរងគ្រោះដោយឆ្លងមេរោគអេដស៍ ដោយសារការគ្រូពេទ្យ យ៉ែម ជ្រឹង ហើយអ្នកខ្លះទៀតបានបាត់ជីវិតជាបន្តបន្ទាប់ដោយសារទទួលរងនូវជំអឺនេះធ្ងន់ធ្ងរពេក។
វេលាម៉ោង១០ព្រឹក ក្នុងថ្ងៃដដែលបន្ទាប់ពីបើកសវនាការអស់រយះ ពេល២ម៉ោង អង្គសវនាការសាលាដំបូងខេត្តបាត់ដំបងបានប្រកាស ជាផ្លូវការនូវសាលក្រមក្នុងសំនុំរឿងនេះដោយសម្រេច ដាក់ទោស អតីតគ្រូពេទ្យ យ៉ែម ជ្រឹង ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ និធ្វើសំណង រដ្ឋប្បវេណីឲ្យទៅជនរងគ្រោះម្នាក់ៗពី ២លានរៀន ដល់១២លានរៀល៕ដោយ៖ប៉ែន សុផល