ឥណ្ឌា៖ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនៅទីក្រុង Chennai រដ្ឋ Tamil Nadu ភាគខាងត្បូងឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ម្សិលមិញបានសម្លាប់មនុស្សយ៉ាងហោចណាស់២១៩នាក់ គិតត្រឹមថ្ងៃទី០៣ ខែធ្នូនេះ ខណៈដែលមនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ។
ប្រភពដដែលបន្តថា មនុស្សជាង៣លាននាក់គ្មានភ្លើង និងទឹកស្អាតប្រើប្រាស់ និងជាង២០ម៉ឺននាក់ចាកចេញពីផ្ទះសម្បែង។ ភ្លៀងដ៏សាហាវបំផុតក្នុងរយៈពេលសតវត្សចុងក្រោយនេះ ធ្វើឲ្យមនុស្សជាច្រើនជាប់លើដំបូលផ្ទះ ដែលត្រូវបានកងទ័ព ចូលជួយសង្គ្រោះ និងប្រមូលបានអ្នកជាប់លើដំបូលផ្ទះចំនួន ១៨០០០នាក់។ កងកម្លាំងទាហានជាច្រើននាក់បានពង្រីកប្រតិបត្តិការស្វែងរកអ្នក រស់រានមានជីវិត កាលពីថ្ងៃម្សិលមិញ ដែលពួកគេជាប់ក្នុងផ្ទះនៃទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទី៤របស់ឥណ្ឌាមួយនេះ។ ចំណែកអាជ្ញាធរក្រុងបានបញ្ជូនគ្រឿងចក្រដឹកបង្គោលសសរដើម្បីជួស ជុលផ្លូវ និងស្ពានដែលខូចជាបណ្ដើរៗហើយ។
ទីក្រុង Chennai ចាប់ផ្ដើមលិចបន្តិចម្ដងៗ ក្រោយមានភ្លៀងធ្លាក់ឥតឈប់ ៤៨ម៉ោង និងផ្ទះសម្បែងប្រជាពលរដ្ឋជាង ៥០០០ខ្នងត្រូវបានលិច។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Modi សន្យាថានឹងផ្ដល់ប្រាក់ជាង ១៥០លានដុល្លារសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ លោកក៏បានបញ្ជាក់ដែរថាមូលហេតុដែលធ្លាក់ភ្លៀងដ៏ខ្លាំងនេះ បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថា ក្នុងទីក្រុងនេះមានប្រជាជនរស់នៅជាង ៤,៥លាននាក់។ រោងចក្រ កន្លែងរកស៊ីជាច្រើនកន្លែងត្រូវបានបិទ ភ្លើងត្រូវបានកាត់ផ្ដាច់ ព្រលានយន្តហោះក៏ត្រូវបិទ ខណៈប្រជាជនរងគ្រោះសម្រុកទៅសម្រាកនៅទីនោះ៕